រៀនធ្វើម្ហូប

[ទំព័រម្ហូប] ពងអាំងទ្រង់គ្រឿងពិសេស ទាំងរសជាតិ និងសោភ័ណ្ឌភាព ខុសពីពងមាន់អាំងធម្មតា តែធានាថាឆ្ងាញ់ប្លែក

BY
Liny Chan
October 3, 2021

សួស្តីអ្នកទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្តពងមាន់អាំងពិសេសមកចែកជូន ធានារសជាតិឈ្ងុយឆ្ងាញ់តែម្តង ដោយសារតែយើងធ្លាប់ឃើញតែពងមាន់អាំងអំបិលម្រេចតែម្យ៉ាងទេមែនទេ តែថ្ងៃនេះយើងមានរូបមន្តពងអាំងទ្រង់គ្រឿងមកចែកជូន តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ
1. ពងមាន់ ៩គ្រាប់
2. ផ្សិតចំរុះហាន់ល្អិតតូចល្មម ៨០ក្រាម
3. សាច់ជ្រូកចិញ្ច្រាំ ១០០ក្រាម
4. ម្ទេសស្រស់ ៥គ្រាប់
5. ស្លឹកខ្ទឹមហាន់ល្អិត ៣ដើម
6. ជីវ៉ាន់សុយ ១ដុំតូច
7. ទឹកត្រី ២ស្លាបព្រាបាយ
8. ស្លឹកចេក សម្រាប់ខ្ចប់
9. គ្រាប់កិប រឺ ឈើចាប់ធ្មេញសម្រាប់ខ្ទាស់ ស្លឹកចេក

*វិធីធ្វើ
1. យកស្លឹកចេកមកលាងទឹកអោយស្អាតនិងជូតអោយស្ងួតល្អ រួចកាត់ស្លឹកចេកប្រវែងប្រមាណ ៦សង់ទីម៉ែត្រសម្រាប់ខ្ចប់បត់ជាចានខ្ចប់ពងមាន់អាំង ដោយប្រើឈើរឺប្រដាក់កិបខ្ទាស់
2. ក្រោយមកយើងងាកមកធ្វើ ពងមាន់វិញ ដោយគោះពងមាន់ដាក់ចានសម្រាប់លាយរួច ហ្វឹកពងអោយចូលគ្នាល្អ ក្រោយមកទៀត ដាក់សាច់ជ្រូកចិញ្ច្រាំ ផ្សិត ទឹកត្រី ម្ទេសស្រស់ហាន់ ស្លឹកខ្ទឹមហាន់ ជីវ៉ាន់សុយហាន់ រួចហ្វឹកអោយចូលគ្នាល្អ រួចដួសដាក់ចានស្លឹកចេករបស់យើង ដោយយើងដួសដាក់តែក្នុងបរិមាណពាក់កណ្តាលនៃចានស្លឹកចេករបស់យើង ព្រោះពងមាន់ពេលដែលអាំង វានិងឡើងរីកមាឌផងដែរ
3. ក្រោយមកទៀតយើងយកចានស្លឹកចេក ចូលទៅអប់ក្នុងម៉ាស៊ីនអប់រឺមាស៊ីនដុតអប់ក្នុងសីតុណ្ហភាព ១៨០អង្សារ ក្នុងរយះពេល ១៥នាទី ជាការស្រេច។

Share This Post: