សេដ្ឋកិច្ច

ចិន បានបង្ហាញអំពីតួលេខសេដ្ឋកិច្ចនៅត្រីមាសទីពីរកើនឡើង​ត្រឹមតែ ០.៤% ប៉ុណ្ណោះ​ដោយសារ​ការបិទទ្វារ​ប្រទេសក៏ដូចជាអចលនទ្រព្យ​ធ្លាក់ចុះ

BY
autoadmin
July 16, 2022

ការិយាល័យស្ថិតិជាតិរបស់ប្រទេសចិនបានប្រកាសនៅថ្ងៃសុក្រទី១៥ ខែមិថុនាថា សេដ្ឋកិច្ចទាំងមូលរបស់ប្រទេសក្នុងអំឡុងខែមេសាដល់ខែមិថុនាឆ្នាំនេះ បានកើនឡើងត្រឹមតែ ០.៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ តួលេខនេះ គឺទាបជាងការស្ទង់មតិរបស់អ្នកវិភាគសេដ្ឋកិច្ចរបស់សារព័ត៌មាន Reuters ដែលបានរកឃើញ​ថា​នឹង​កើន​ឡើង ១%។ ប្រសិនបើយកតួលេខធៀប​នឹង​រយៈ​ពេល​បី​ខែ​ដំបូង​ក្នុង​ឆ្នាំ​ដដែល បង្ហាញអោយឃើញថាសេដ្ឋកិច្ច​របស់​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ ២.៦%។

ការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ប្រទេសចិននេះ ត្រូវបានបង្កឡើងដោយសារតែការបិទទ្វារនៅក្នុងទីក្រុងធំៗមួយចំនួន ក្នុងប៉ុន្មានខែថ្មីៗនេះ រួមទាំងទីក្រុងសៀងហៃ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់បំផុតមួយរបស់ប្រទេសចិន។ ជាមួយគ្នានេះ វាក៏បណ្ដាលមកពី រដ្ឋាភិបាលចិន នៅតែព្យាយាមអនុវត្តគោលនយោបាយ “សូន្យ កូវីដ” ជាពិសេសគឺរលកថ្មីនៃការឆ្លងដែលភ្ជាប់ទៅនឹងប្រភេទរង omicron ប្រភេទ BA.5 ដែលងាយឆ្លងច្រើនជាងប្រភេទមុនៗទ្វេដង។ ទន្ទឹម​នឹង​នេះ ទីផ្សារ​អចលន​ទ្រព្យ​របស់​ប្រទេស​ចិនក៏​កំពុង​ប្រឈម​នឹង​ការ​លំបាក​ជា​ច្រើនប្រការផងដែរ៕

អត្ថបទ៖ Bee
ប្រភព៖ sanook

Share This Post: