អន្តរជាតិ

វៀតណាមបើកសោវនាការកាត់ទោសមហាសេដ្ឋីអចលនព្រទ្យម្នាក់ជុំវិញករណីឆបោកប្រាក់ក្រុមអ្នកវិនិយោគ ៣៣៥លានដុល្លារ

BY
Pheakdey
March 19, 2024

វៀតណាម៖ តុលាការវៀតណាមនៅក្នុងថ្ងៃអង្គារ ទី១៩ ខែមីនានេះបានបើកសោវនាការកាត់ទោសមហាសេដ្ឋីអចលនទ្រព្យម្នាក់ក្នុងករណីឆបោកប្រាក់របស់ក្រុមអ្នកវិនិយោគចំនួន ៣៥៥លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ ជនសង្ស័យរូបនេះមានឈ្មោះថា Do Anh Dung ជាប្រធានក្រុមហ៊ុន Tan Hoang Minh group ខណៈកូនប្រុសរបស់គាត់ម្នាក់ឈ្មោះ Do Hoang Viet និងអ្នកពាក់ព័ន្ធចំនួន ១៣នាក់ផ្សេងទៀតក៏ត្រូវតុលាការកោះហៅឱ្យចូលខ្លួនមកបំភ្លឺក្នុងករណីឆបោកប្រាក់ក្នុងទំហំដ៏ធំមួយនេះផងដែរ​​ ខណៈដំណើរការនៃការកាត់ក្តីនឹងត្រូវធ្វើឡើងក្នុងរយៈពេល ៣សប្តាហ៍។

ប្រភពខាងលើនេះបានបន្តថា ករណីឆបោកប្រាក់ខាងលើនេះត្រូវបានធ្វើឡើងតាមរយៈរូបភាពក្រុមហ៊ុនបានប្រកាសលក់ភាគហ៊ុនដែលមានតម្លៃសរុប ៣៥៥លានដុល្លារ ទៅកាន់ក្រុមអ្នកវិនិយោគចំនួន៦,៦៣០នាក់​ ជាមួយនឹងការសន្យាថា ក្រុមអ្នកវិនិយោគអាចលក់ភាគហ៊ុនទាំងអស់នេះវិញក្នុងតម្លៃដ៏ខ្ពស់។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះគ្មានអ្នកវិនិយោគណាម្នាក់អាចលក់ភាគហ៊ុនរបស់គេបានឡើយ ខណៈប្រាក់ដែលពួកបានវិនិយោគជាមួយក្រុមហ៊ុននោះគឺវាបានហូរចូលទៅក្នុងហោប៉ៅរបស់ប្រធានក្រុមហ៊ុននិងបក្សពួកមួយចំនួនតែប៉ុណ្ណោះ​ ដ្បិតក្រុមហ៊ុនមិនបានយកប្រាក់ទាំងអស់នោះទៅធ្វើការវិនិយោគតាមការសន្យាឡើយ​។ សូមបញ្ជាក់ជូនថា ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះវៀតណាមបានបង្ក្រាបករណីឆបោកប្រាក់និងពុករលួយជាង ១,៧០០ករណី និងបានចាប់ខ្លួនក្រុមជនខិលខូចបានជាង ៤,៤០០នាក់ផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖The Strait Time

 

Share This Post: