ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ត្រូវបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ ដោយលទ្ធផល ៦២សម្លេង លើ ៦២សម្លេង

BY
Liny Chan
April 3, 2024

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលត្រូវបានព្រឹទ្ធសភា នីតិកាលទី៥ បោះឆ្នោតជ្រើសរើស សម្ដេចតេជោ ជា « ប្រធានព្រឹទ្ធសភា » នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៥ ដោយលទ្ធផល ៦២សម្លេង លើ ៦២សម្លេង នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ។

ការបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនព្រឹទ្ធសភានេះ ធ្វើឡើងបន្ទាប់ពីព្រឹទ្ធសភាបើកសម័យប្រជុំលើកដំបូង សម្រាប់នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ ២០២៤នេះ ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន បានប្តេជ្ញាចិត្តខិតខំបំពេញការងារក្នុងនាមជាប្រធានព្រឹទ្ធសភា នីតិកាលទី៥នេះ ឱ្យបានល្អជោគជ័យ និងនាំមកនូវផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងជាតិមាតុភូមិ។

ព្រឹទ្ធសភានីតិកាលទី៥ ត្រូវបានរៀបចំបោះឆ្នោតកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមាន គណបក្សនយោបាយចំនួន៤ចូលរួមប្រកួតប្រជែងរួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។ ជាលទ្ធផលគណបក្សប្រជាជនកម្ពុជា ទទួលបាន ៥៥អាសនៈ ហើយគណបក្សឆន្ទៈខ្មែរ ទទួលបាន ៣អាសនៈ ។

សូមបញ្ជាក់ថា សមាជិកព្រឹទ្ធសភានីតិកាលទី៥នេះ មានចំនួន៦២រូប ដោយ៥៨រូបកើតចេញពីការ បោះឆ្នោតអសកល ខណៈដែលពីរូបចាត់តាំងដោយព្រះមហាក្សត្រ និងពីររូបទៀតជ្រើសតាំងដោយ រដ្ឋសភា ក្នុងសំឡេងភាគច្រើន។

សម្រាប់នីតិកាលទី៥នេះ សមាជិកព្រឹទ្ធសភាពីរអង្គ ដែលចាត់តាំងដោយព្រះមហាក្សត្ររួមមាន៖ សម្តេច រាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិធម្មិកោ ហើយសមាជិកព្រឹទ្ធសភា ពីររូប ជ្រើសតាំងដោយរដ្ឋសភារួមមាន៖ លោក សុខ ឥសាន និងលោក ហេង ហាលីម៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: