ព័ត៌មានជាតិ

ពិធីបុណ្យចូលឆ្នាំខ្មែរបានបញ្ចប់ ប្រជាពលរដ្ឋវិលត្រឡប់ចូលមកភ្នំពេញវិញ តាមរយៈរថយន្តក្រុងឥតគិតថ្លៃរបស់រដ្ឋ

BY
srey nuch
April 17, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល០៤ថ្ងៃ ត្រូវបានបញ្ចប់ទៅវិញដោយរលូននោះ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋបានវិលត្រឡប់ពីតាមបណ្តាខេត្តនានាចូលមកកាន់រាជធានីភ្នំពេញវិញហើយ ដើម្បីប្រកបមុខរបរ និងកិច្ចការងារ។ ជាក់ស្តែង មានបងប្អូនពលរដ្ឋជាច្រើន បានធ្វើដំណើរតាមរយៈរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃរបស់រាជរដ្ឋាភិបាល ពីស្រុកកំណើតរបស់ពួកគាត់ត្រឡប់មកវិញជាបន្តបន្ទាប់ តាមផ្លូវជាតិសំខាន់ៗទាំងអស់ដែលតភ្ជាប់ចូលមកកាន់រាជធានីភ្នំពេញវិញ។

ប្រជាពលរដ្ឋបានសម្តែងក្តីរីករាយ ចំពោះការធ្វើដំណើរតាមរយៈរថយន្តក្រុងសាធារណៈ ដោយមិនមានការចំណាយប្រាក់កាសសូម្បីតែមួយសេននោះឡើយ ហើយពួកគាត់ក៏ទទួលអារម្មណ៍កក់ក្តៅ ចំពោះការបើកបររបស់តៃកុងរថយន្ត ការស្វាគមន៍ ពិសេសរថយន្តមានលក្ខណៈធំទូលាយងាយស្រួលអង្គុយ និងមានម៉ាស៊ីនត្រជាក់ល្អ ប្រកបដោយផាកសុខភាព និងសោភ័ណភាព សម្រាប់ពលរដ្ឋជិះធ្វើដំណើរផងដែរ។

ប្រជាពលរដ្ឋបានបន្តលើកឡើងបន្តថា នេះគឺជាការយកចិត្តទុកដាក់បំផុតពីសំណាក់រាជរដ្ឋាភិបាល ដែលតែងតែធ្វើការផ្តល់រថយន្តក្រុងជិះឥតគិតថ្លៃ ក្នុងឱកាសរដូវកាលបុណ្យទានធំៗមករហូត។ ក្នុងនោះដែរ អ្នកបើកបររថយន្តក្រុងសាធារណៈ បានបង្ហាញក្តីរីករាយ ចំពោះការចូលរួមបើកបរជូនបងប្អូនពលរដ្ឋ បើទោះបីជាក្នុងឱកាសបុណ្យចូលឆ្នាំ គាត់មិនបានទៅស្រុកកំណើតក៏ដោយ។ គាត់លើកឡើងថា ការបើកបរគឺតែងតែឋិតក្នុងស្មារតីម្ចាស់ការ និងប្រុងប្រយ័ត្នជានិច្ច ដើម្បីបញ្ចៀសបានគ្រោះថ្នាក់ចរាចរណ៍ និងដើម្បីសុវត្ថិភាពបងប្អូនពលរដ្ឋដែលកំពុងរួមដំណើរក្នុងរថយន្តទាំងអស់គ្នាផងដែរ ។

សូមជម្រាបជូនថា រថយន្តក្រុងសាធារណៈ ចំនួន៣៩៥គ្រឿង ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យប្រើប្រាស់សម្រាប់សេវាដឹកជញ្ចូនពលរដ្ឋឥតគិតថ្លៃទៅតាមបណ្តាខេត្ត និងត្រឡប់ពីបណ្តាខេត្តចូលមកភ្នំពេញវិញ ក្នុងរយៈពេល០៦ថ្ងៃ គិតចាប់ពីថ្ងៃទី១២ មេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ មេសានេះ គឺជាថ្ងៃបញ្ចប់៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

Share This Post: