ព័ត៌មានជាតិ

កូនឈើចម្រុះជាង១៦ម៉ឺនដើម របស់មន្ទីរបរិស្ថានខេត្តសៀមរាប ត្រៀមចែកជូនពលរដ្ឋដាំដោយឥតគិតថ្លៃ

BY
srey nuch
April 18, 2024

ខេត្តសៀមរាប៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា មន្ទីរបរិស្ថានខេត្តសៀមរាប បានបណ្តុះកូនឈើចម្រុះជាង១៦ម៉ឺនដើម សម្រាប់ទុកចែកជូនប្រជាពលរដ្ឋយកទៅដាំដោយឥតគិតថ្លៃ ស្របតាមការជំរុញការដាំដើមឈើឱ្យបាន១លានដើម ក្នុងមួយឆ្នាំរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

លោក ស៊ុន គង់ ជាប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បានឱ្យដឹងថា គិតមកដល់ពេលនេះ កូនឈើចម្រុះដែលត្រូវបានបណ្តុះឡើងមានសរុប១៦៥.០០០ដើម។ «យើងបានខិតខំបណ្តុះកូនឈើចម្រុះ សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋ វិស័យឯកជន ដោយមិនគិតថ្លៃសម្រាប់យកទៅដាំនៅក្នុងមូលដ្ឋានរៀងៗខ្លួន»។

បើតាមការឱ្យដឹងរបស់លោក គង់ វរុំ ប្រធានការិយាល័យឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន បានបញ្ជាក់ថា ថ្នាលបណ្តុះកូនឈើនៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តមភ្នំគូលែន អាចបណ្តុះកូនឈើបាន៥ម៉ឺនដើម ក្នុងមួយឆ្នាំ គ្រាដែលថ្នាលទាំងមូល មានលទ្ធភាពបណ្តុះកូនឈើបានរហូតដល់ទៅ៧ម៉ឺនដើម ក្នុងមួយឆ្នាំ។ លោកថ្លែងថា «ការបណ្តុះកូនឈើលើសពីផែនការនេះ ដោយសារការពង្រីកបន្ថែម ខណៈបច្ចុប្បន្នបានចែកកូនឈើជូនប្រជាពលរដ្ឋ ក៏ដូចជាសាលារៀន វត្តអារាម មន្ទីរពេទ្យ និងសហគមន៍ បានជាច្រើន»

ផែនការដាំដើមឈើចំនួន១លានដើម ត្រូវបានរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដាក់ចេញឡើង ក្នុងគោលបំណងជំរុញភាពបៃតងរបស់កម្ពុជា តាមរយៈដាំស្តារព្រៃ ដាំនៅតាមគេហដ្ឋាន និងតាមមូលដ្ឋាន ទីសាធារណៈ នៅដើមរដូវវស្សា ឆ្នាំ២០២៤តទៅ។

ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា យុទ្ធនាការដាំដើមឈើនេះ គឺអនុលោមជាមួយនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ របស់ក្រសួងបរិស្ថាន និងគោលដៅយុទ្ធសាស្ត្រទី៥ នៃយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដែលកំពុងប្រែក្លាយសង្គមកម្ពុជាទៅ ជាប្រទេសអព្យាក្រឹតកាបូន ដែលមានគម្របព្រៃឈើ៦០ភាគរយ នៅឆ្នាំ២០៥០៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក

Share This Post: