ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ប្រសិនបើពុំមានការផ្លាស់ប្តូរទេនៅយប់ថ្ងៃ២៩ ខែមេសា ព្រះមហាក្សត្រប្រុយណេ នឹងយាងមកដល់កម្ពុជា ដែលសម្តេចផ្ទាល់ នឹងទៅទទួលព្រះអង្គ

BY
srey nuch
April 27, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧​ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ប្រសិនបើពុំមានការផ្លាស់ប្តូរទេនៅយប់ថ្ងៃ២៩ ខែមេសាខាងមុខនេះ ព្រះមហាក្សត្រ ប្រុយណេ នឹងយាងមកដល់កម្ពុជា ដែលសម្តេចផ្ទាល់ នឹងទៅទទួលព្រះអង្គនៅព្រលានយន្តហោះ និងរួមដំណើរជាមួយគ្នាមកកាន់សណ្ឋាគារ។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្តេចតេជោ បានលើកឡើងថា «ប្រសិនពុំមានការផ្លាស់ប្តូរទេនៅយប់ថ្ងៃ ២៩មេសាខាងមុខនេះព្រះមហាក្សត្រ ប្រុយណេ ព្រះអង្គនិងយាងមកដល់កម្ពុជា ដែលខ្ញុំនឹងទៅទទួលព្រះអង្គនៅព្រលានយន្តហោះដោយផ្ទាល់ និងរួមដំណើរជាមួយគ្នាមកកាន់សណ្ឋាគារ។

ករណីបែបនេះមិនចម្លែកទេរវាងព្រះអង្គជាមួយខ្ញុំ ព្រោះកាលពីឆ្នាំ២០១១ ពេលខ្ញុំទៅប្រុយណេព្រះអង្គបានបើករថយន្តដោយអង្គឯង មកទទួលខ្ញុំនៅព្រលាន យន្តហោះជូនទៅសណ្ឋាគារ»។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា គោលបំណងទស្សនកិច្ចរបស់ព្រះអង្គ គឺមកស្រស់ស្រូបពេលព្រឹកជាមួយសម្តេច ដែលព្រះអង្គរាប់អានសម្តេចដូចប្អូនពៅ។ (បងប្អូន៣នាក់គឺព្រះជាបងទី១ ឯកឧត្តម ថាក់ សុីនជាប្អូនទី២និងខ្ញុំជាប្អូនពៅ)។

សម្តេចប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា ពុំមានជំនួបផ្លូវការណាមួយកើតឡើងទេ តែការស្រស់ស្រូបពេលព្រឹក៣០មេសា ខាងព្រះអង្គមានព្រះអង្គម្ចាស់ម៉ាទីនដែលជាព្រះរាជ្យបុត្រ។ ឯខ្ញុំមានកូនប្រុសទាំងបីហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ហ៊ុន ម៉ានី។ ក្រោយការស្រស់ស្រូបខ្ញុំនឹងដង្ហែព្រះអង្គទៅព្រលានយន្តហោះដើម្បីព្រះយាងនិវត្តន៍ទៅកាន់ប្រទេសវិញ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: