ព័ត៌មានជាតិ

ជនឆបោកស្ទីលថ្មីចែកដីរដ្ឋ ៦០០០ឡូតិ៍ រយៈពេល៧ថៃ្ង មិនយកប្រាក់តែយកថ្លៃសេវា ៤៥០ដុល្លារក្នុងមួយឡូតិ៍ ត្រូវបានចៅក្រមសាលាដំបូងខេត្តកំពង់ស្ពឺ ចេញដីកាបង្គាប់ឱ្យឃុំខ្លួននៅពន្ធនាគារហើយ

BY
srey nuch
April 27, 2024

ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានបញ្ជូនជនសង្ស័យពីនាក់ទៅ អយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ។

ជនសង្ស័យចំនួន ២នាក់រួមមាន៖
-ទី១.ឈ្មោះ ជួន គន្ធា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ អះអាងថា មានងារជា ឯកឧត្ដម មានទីលំនៅភូមិត្រពាំងឬស្សី ឃុំសំបូរ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ជាមេក្លោងចែកដី ។
-និងទី២. ឈ្មោះ មិន ផាន់នី ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត និងជាអ្នកសម្របសម្រួលឯកសារលើកិច្ចការចែកដី ៦,០០០ ឡូតិ៍ ។

យោងតាមការប្រកាស និងផ្សព្វផ្សាយតាមប្រព័ន្ធបណ្ដាញសង្គម សារព័ត៌មាន KH Plus News ដែលមានចាងហ្វាងការផ្សាយ រហ័សនាម ពូ ហ៊ន បានទទួលធ្វើការសម្ភាសន៍ផ្ទាល់ជាមួយ ឈ្មោះ ជួន គន្ធា ភេទប្រុស ដែលអះអាងថា អតីតមានងារឯកឧត្ដម ដោយបញ្ជាក់ច្បាស់ៗថា ឯកឧត្ដមនឹងរៀបចំ ចែកផ្ដល់ដីចំនួន ៦,០០០ឡូតិ៍ ដោយមិនយកប្រាក់ ជូនដល់ប្រជាពលរដ្ឋក្រីក្រ កម្មករ កម្មការិនី អ្នកចាញ់បោកក្រុមហ៊ុនអចលនទ្រព្យតាមគម្រោងបុរី ផ្ទះល្វែង ដីឡូតិ៍ កន្លងមក។

តាមការបញ្ជាក់ពីពិធីករ ពូ ហ៊ន ថាដីដែលចែកគឺស្ថិតនៅទីតាំងចំណុច ភូមិរោងម៉ាស៊ីន ភូមិធ្មៀ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្ដកពង់ស្ពឺ មានទំហំ ៤២០ហិកតា។

ដីចែកជូនប្រជាពលរដ្ឋ៦,០០០ឡូតិ៍ ស្ថិតនៅចំណុចភូមិរោងម៉ាស៊ីន ភូមិត្រពាំងធៀ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបាន ឯកឧត្ដម អះអាងថាជាដីខ្លួនបានទិញពីប្រជាពលរដ្ឋ ក្នុងតម្លៃធូរ និងមានឯកសារត្រឹមត្រូវស្របច្បាប់១០០% និងបានកាន់កាប់ជួសជុលផ្លូវចូលមកដល់ទីតាំងដីរួចរាល់ទៀតផង ជាក់ស្ដែងចំណុចដីដែល បុរសមានងារឯកឧត្ដមអះអាងថាចែកជូនពលរដ្ឋ Free នោះ គឺជាដីរដ្ឋ ស្ថិតនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែលគ្រប់គ្រងដោយមន្រ្ដីឧទ្យានុរក្ស របស់ក្រសួងបរិស្ថាន ដីមានព្រះរាជក្រឹត្យ។

ជនសង្ស័យ ជួន គន្ធា និងបក្ខពួក បានរៀបចំផែនការឆបោកប្រាក់ ដោយបានធ្វើគំនូសប្លង់ដី ជាឡូតិ៍ៗ បែងចែកដើម្បីមានទំនុកចិត្ដពីពលរដ្ឋ ចុងក្រោយពលរដ្ឋជ្រួលច្របល់មកទទួលដីខុសច្បាប់ រួចបង្កើតជាទំនាស់អោយពលរដ្ឋនាំគ្នាតវ៉ាទាមទារការពារដី ប្រឆាំងនឹងមន្រ្ដីរាជការសាធារណៈ ដោយខុសច្បាប់ ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

Share This Post: