ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា កម្ពុជាមិនចចារជាមួយវៀតណាមដាច់ខាតរឿងព្រែកជីកហ្វូណនតេជោ ព្រោះគ្រប់យ៉ាងកម្ពុជាសង់លើដីកម្ពុជា និងកម្ពុជាបានជូនដំណឹងទៅកាន់គណៈកម្មការទន្លេមេគង្គរួចហើយ

BY
Liny Chan
April 27, 2024

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍យ៉ាងម៉ឺងម៉ាត់ថា កម្ពុជាមិនចចារជាមួយវៀតណាមដាច់ខាតរឿងព្រែកជីកហ្វូណនតេជោ ព្រោះគ្រប់យ៉ាងកម្ពុជាសង់លើដីកម្ពុជា និងកម្ពុជាបានជូនដំណឹងទៅកាន់គណៈកម្មការទន្លេមេគង្គរួចហើយ។

ការបញ្ជាក់យ៉ាងច្បាស់លាស់នេះធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីពិសាអាហារមហាគ្រួសារឧកញ៉ាកម្ពុជា នាល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាស៍ច្បាស់ថា ៖ «ខ្ញុំសូមបញ្ជាក់ គ្មានត្រូវការចចារទៀតទេ និយាយគ្នាត្រង់ៗ កុំហៅកម្ពុជាទៅចចារ ខ្ញុំបានសរសេរហើយ ខ្ញុំឱ្យឯកឧត្តម ស៊ុន​ ចាន់ថុល​ បញ្ជាក់ឱ្យខ្ញុំ ឥឡូវខ្ញុំកត់យកមកក្នុងនេះ «កិច្ចព្រមព្រៀងមេគង្គ១៩៩៥ តម្រូវឱ្យភាគីហត្ថលេខី នៃកិច្ចព្រមព្រៀងជូនដំណឹងដល់គណៈកម្មការទន្លេមេគង្គ មុនពេលចាប់ផ្ដើមគម្រោង កិច្ចព្រមព្រៀងមិនតម្រូវឱ្យភាគី ហត្ថលេខី ស្វែងរកការពិគ្រោះយោបល់ ឬ ការយល់ព្រមពីប្រទេសហត្ថលេខី ផ្សេងទៀត ប្រសិនបើយើងប្រើប្រាស់ ដៃទន្លេមេគង្គ »។ ឥឡូវខ្ញុំសុំពន្យល់ យើងអត់ទាំងបានប្រើប្រាស់ដៃទន្លេមេគង្គផង យើងប្រើប្រាស់ដៃនៃដៃទន្លេមេគង្គ បើនិយាយទៅប្រៀបបានអ្នកមានម្រាមដៃ ៦ ឬ ហៅថា ដៃព្រែក ឥឡូវទន្លេបាសាក់ វាជាដៃទន្លេមេគង្គ ដល់តែយើងជីកគឺជីកនៅលើដៃទន្លេមេគង្គឯណោះ ប៉ុន្តែនៅក្នុងកិច្ចព្រមព្រៀងមេគង្គ១៩៩៥ គេមិនចាំបាច់ឱ្យអ្នកណា ពិគ្រោះយោបល់អ្នកណាទេ ឱ្យតែប្រើដៃទន្លេមេគង្គ ហើយឥឡូវកម្ពុជាបានជូនដំណឹងទៅគណៈកម្មការទន្លេមេគង្គតាំងពីខែសីហា ឆ្នាំទៅឯណោះ អ៉ីចឹងសុំកុំហៅកម្ពុជាទៅពិគ្រោះជាមួយអ្នកណា គេសិក្សាគេចេះហើយ អ្នកបច្ចេកទេសជាង ៤០នាក់មកសិក្សា »។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ចោទសួរថា៖ «តើកិច្ចព្រមព្រៀងទន្លេមេគង្គនៅមានសុពលភាព ឬ អត់? បើនៅមានសុពលភាព មិនចាំបាច់ខ្វល់ទៅចចារជាមួយអ្នកណាទាំងអស់ ចង់ទៅមើលអ្វីក៏ដោយ ទៅមើលឯកសារនៅឯគណៈកម្មការមេគង្គ ហើយបើខ្វះខាតឯកសារណាមួយ សូមណូមពរមកយើងអាចផ្ញើជូនឯកសារបន្ថែម ប៉ុន្តែតម្រូវការនៃការអនុម័តទៅគូសសម្រាប់ថា ធ្វើ ឬ មិនឱ្យធ្វើនោះទេ៕

អត្ថបទ៖ លីនី
ប្រភពវីដេអូ៖ ក្រសួងព័ត៌មាន

Share This Post: