ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ចេញនូវសេចក្តីណែនាំក្រើនរំលឹក ស្តីពីការរក្សាសុខភាព និងសុវត្ថិភាព ក្នុងអំឡុងពេលអាកាសធាតុក្តៅខ្លាំង

BY
Nisaiy KN
April 28, 2024

(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំក្រើនរំលឹក ស្តីពីការរក្សាសុខភាព និងសុវត្ថិភាព ក្នុងអំឡុងពេលអាកាសធាតុក្តៅខ្លាំង។

គួរបញ្ចាក់ផងដែរថា កន្លងមកក្រសួងសុខាភិបាល បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋពីការការពារសុខភាពក្នុងអំឡុងពេលមានអាកាសធាតុក្ដៅខ្លាំងទាក់ទងទៅជាមួយការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នានេះ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់ពីការប្រើប្រាស់ទឹក និងថាមពលអគ្គិសនីឱ្យបានសមស្របមានសុវត្ថិភាព និងរក្សាសុខភាព ក្នុងអំឡុងពេលមានអាកាសធាតុក្ដៅខ្លាំងនៅប្រទេសកម្ពុជា។

ក្រសួងសុខាភិបាលសូមរំលឹកជូនបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា អាកាសធាតុក្ដៅអាចបង្កឱ្យបុគ្គលគ្រប់រូប ជាពិសេសមនុស្សចាស់ ទារក កុមារ ស្រ្ដីមានផ្ទៃពោះ អ្នកធ្វើការក្រៅផ្ទះ អត្តពលិក បុគ្គលមានប្រព័ន្ធការពាររាង្គកាយខ្សោយ និងអ្នកមានជំងឺរ៉ាំរ៉ៃ ងាយធ្លាក់ខ្លួនឈឺ ជាយថាហេតុ ដូចជាខ្សោះជាតិទឹក ជំងឺបេះដូង រលាកផ្លូវដង្ហើម ដែលនាំឱ្យមានជំងឺឆ្លងផ្សេងៗជាច្រើនទៀតបណ្ដាលមកពីការប្រើប្រាស់ទឹកមិនស្អាត និងចំណីអាហារពុំមានសុវត្ថិភាព។

លើសពីនេះទៅទៀត បរិមាណទឹកស្អាតមានសារៈសំខាន់ណាស់អាចជួយទ្រទ្រង់ជីវិតមនុស្ស តែផ្ទុយទៅវិញការប្រើប្រាស់ទឹកមិនស្អាតអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតផងដែរ ដោយសារមេរោគនៅក្នុងទឹក (វីរុស បាក់តេរី ដង្កូវព្រូន) និងសារធាតុគីមីដែលបង្កគ្រោះថ្នាក់៕



អត្ថបទ៖ និស្ស័យ
ប្រភព៖ ក្រសួងសុខាភិបាល

Share This Post: