អន្តរជាតិ

ហ្វីលីពីនសម្រេចផ្អាកសាលារៀនរដ្ឋនៅទូទាំងប្រទេសជាបណ្តោះអាសន្នដើម្បីឆ្លើយតបនឹងបញ្ហារលកកម្តៅ​​

BY
Pheakdey
April 29, 2024

ហ្វីលីពីន៖ អាជ្ញាធរហ្វីលីពីនបានសម្រេចបិទសាលារៀនរដ្ឋនៅទូទាំងប្រទេសចំនួន២ថ្ងៃ ដើម្បីឆ្លើយតបទៅនឹងបញ្ហាសីតុណ្ហភាពកើនឡើងខ្ពស់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី២៩ ខែមេសានេះ។ សេចក្តីជូនដំណឹងរបស់អាជ្ញាធរហ្វីលីពីនត្រូវបានធ្វើឡើងយ៉ាងបន្ទាន់កាលពីថ្ងៃអាទិត្យម្សិលមិញ ខណៈវិធានការបិទសាលាជាបណ្តោះអាសន្ននោះនឹងត្រូវអនុវត្តនៅក្នុងថ្ងៃចន្ទ និងថ្ងៃអង្គារដើមសប្តាហ៍នេះ។

ប្រភពខាងលើបានបន្តថា ការសម្រេចបិទសាលារៀនជាបណ្តោះអាសន្ននេះត្រូវបានធ្វើឡើងបន្ទាប់ពីអាជ្ញាធរឧតុនិយមហ្វីលីពីនបានព្យាការណ៍ថា សីតុណ្ហភាពនៅក្នុងទីក្រុងម៉ានីលនិងនៅតាមតំបន់សំខាន់ៗមួយចំនួនអាចនឹងកើនឡើងរហូតដល់ ៤៥អង្សាសេ ដែលជារលកកម្តៅប្រកបដោយគ្រោះថ្នាក់មួយចំពោះក្រុមពលរដ្ឋងាយរងគ្រោះដូចជា​ កុមារ មនុស្សវ័យចំណាស់ និងក្រុមពលរដ្ឋដែលកំពុងមានជំងឺប្រចាំកាយស្រាប់។ គួររម្លឹកជូនថា វិធានការបិទសាលារៀនជាបណ្តោះអាសន្នត្រូវអាជ្ញាធរហ្វីលីពីនផ្តើមអនុវត្តតាំងតែពីសប្តាហ៍មុនម្ល៉េះ តែការអនុវត្តនោះ គឺសម្រាប់តែបណ្តាសាលារៀននៅតំបន់ភាគខាងត្បូងប្រទេសប៉ុណ្ណោះ ខណៈសាលារៀនទាំងនោះមានរាប់ពាន់កន្លែងហើយការបិទនោះទៀតសោតក៏មិនទាន់មានការបញ្ជាក់អំពីថ្ងៃដែលត្រូវបើកជាធម្មតាវិញដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: