អន្តរជាតិ

ខ្យល់គួចបានបណ្តាលឱ្យពលរដ្ឋចិន ៥នាក់បាត់បង់ជីវិតនិង ៣៣នាក់រងរបួស

BY
Pheakdey
April 29, 2024

ចិន៖ ខ្យល់គួចក្នុងកម្លាំងដ៏ខ្លាំងមួយបានបណ្តាលឱ្យមានពលរដ្ឋចិនចំនួន ៥នាក់បានស្លាប់បាត់បង់ជីវិត និង ៣៣នាក់ផ្សេងទៀតបានរងរបួស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីល្ងាចថ្ងៃអាទិត្យ ទី២៨​ ខែមេសានេះ។ តំបន់ដែលបានរងការវាយប្រហារដោយគ្រោះធម្មជាតិដ៏កម្រនេះគឺខេត្ត Guangzhou ដែលកំពុងតែរកការវាយប្រហារដោយជំនន់ទឹកភ្លៀងយ៉ាងឆ្ងន់ធ្ងរស្រាប់ទៅហើយ។

ប្រភពខាងលើបានបន្តថា​​ ខ្យល់គួចដែលបានវាយប្រហារខេត្ត Guangzhou កាលពីចុងសប្តាហ៍នេះគឺបានកើតឡើងក្នុងកម្រិត ៣ ខណៈកម្រិតដ៏ខ្លាំងបំផុតរបស់ខ្យល់គួចនោះគឺកម្រិត ៥។ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា ក្រៅតែពីបានសម្លាប់មនុស្សនិងបង្កឱ្យមានអ្នករងរបួសហើយ ឥទ្ធិពលរបស់ខ្យល់គួចក៏បានបំផ្លាញរោងចក្រអស់ចំនួន ១៤១កន្លែងផងដែរ។ សូមរម្លឹកជូនថា កាលពីសប្តាហ៍មុនអាជ្ញាធរចិនបានជូនដំណឹងឱ្យពលរដ្ឋនៅក្នុងខេត្ត Guangzhou ទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតតាមតែអាចធ្វើទៅបាន ដ្បិតតាមការព្យាករណ៍បានបង្ហាញថាខេត្តដ៏មានសក្តានុពលសេដ្ឋកិច្ចមួយនេះអាចប្រឈមនឹងបញ្ហាទឹកជំនន់ក្នុងកម្រិតធ្ងន់ធ្ងរបំផុតមិនធ្លាប់មាននាពេលកន្លងមកនោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: