អន្តរជាតិ

KFC បិទហាងជាង ១០០កន្លែងនៅម៉ាឡេស៊ីដោយសារការធ្វើពហិការមិនទិញផលិតផលអាមេរិក

BY
Pheakdey
April 29, 2024

ម៉ាឡេស៊ី៖ ក្រុមហ៊ុនលក់មាន់បំពង KFC បានសម្រេចបិទហាងរបស់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ីជាង ១០០កន្លែងដោយសារចលនាគាំទ្រប៉ាឡេស្ទីន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី២៩ ខែមេសានេះ។ គួរកត់សម្គាល់ថា មាន់បំពង KFC គឺជាអាហារដ៏ពេញនិយមមួយនៅក្នុងប្រទេសម៉ាឡេស៊ី ដោយនាពេលកន្លងមកនៅទូទាំងប្រទេសម៉ាឡេស៊ីមានហាងលក់មាន់បំពង KFC រហូតដល់ជាង ៦០០កន្លែងឯណោះ។

យ៉ាងណាក្តី ក្រោយភ្លើងសង្គ្រាមរវាងកងកម្លាំនៃប្រទេសអ៊ីស្រាអែលនិងក្រុមហាម៉ាសប៉ាឡេស្ទីនបានកើតឡើង​ ពលរដ្ឋដែលជាអ្នកកាន់សាសនាឥស្លាមជាច្រើននៅជុំវិញពិភពលោកជាពិសេសគឺពលរដ្ឋឥស្លាមនៅម៉ាឡេស៊ីតែម្តងបាននាំគ្នាធ្វើពហិការឈប់ទិញផលិតផលរបស់អាមេរិក ដ្បិតពួកគេចង់សម្តែងការមិនពេញជាមួយនឹងសហរដ្ឋអាមេរិកដែលជាអ្នកគាំទ្រអ៊ីស្រាអែលឱ្យធ្វើសង្គ្រាម ខណៈសង្គ្រាមនោះបានបង្កឱ្យមានពលរដ្ឋស៊ីវិលប៉ាឡេស្ទីនជាច្រើននាក់បានស្លាប់ រងរបួស និងត្រូវរត់គេចខ្លួនយ៉ាងវេទនាបំផុត។ សូមបញ្ជាក់ជូនផងដែរថា ក្រុមហ៊ុនអាមេរិកបានរងឥទ្ធិពលពីចលនាគាំទ្រប៉ាឡេស្ទីននោះមិនមែនមានតែក្រុមហ៊ុនលក់មាន់បំពង KFC ប៉ុណ្ណោះទេ តែក្រុមហ៊ុនធំៗមួយចំនួនទៀតដូចជា ហាងកាហ្វេ Starbucks និង ហាងលក់ហាំប៊ឺហ្គឺ McDonald’s ក៏បានរងផលប៉ះពាល់ដូចគ្នានេះផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

 

Share This Post: