PR

កាន់តែកៀកថ្ងៃប្រកួត! ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ ដែលមានសម្តេចតេជោ ជាគ្រូបង្វឹកកិត្តិយស ប្រមូលថវិកាបានជាង៤លានដុល្លារ

BY
Naren
April 29, 2024

(ភ្នំពេញ)៖ ខណៈការប្រកួតសប្បុរសធម៌ របស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football super stars) នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាន់តែកៀកចូលមក មូលនិធិដែលសប្បុរសជនចូលរួមបរិច្ចាក តាមរយៈសម្ដេចតេជោ ហ៊ុន សែន បានរហូតដល់ទៅជាង៤លានដុល្លារអាមេរិក ជាពិសេសសម្តេចតេជោ បានប្រកាសដកមូលនិធិ១លានដុល្លារទៅជួយដល់ មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបចំនួន៥០ម៉ឺនដុល្លារ, មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុនខេត្តកំពង់ស្ពឺ៣០ម៉ឺនដុល្លារ, គ្រួសារយុទ្ធជនពលីករណីផ្ទុះគ្រាប់នៅយោធភូមិភាគ៣ចំនួន២០គ្រួសារ ក្នុងមួយគ្រួសារ១ម៉ឺនដុល្លារ សរុប២០ម៉ឺនដុល្លារឯថវិកាក្រៅពី១លានដុល្លារនេះនឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់។

ក្នុងថ្ងៃធ្វើសន្និសីទសារព័ត៌មានស្ដីពី ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមប្រធានបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន» ដែលមានការអញ្ចើញចូលរួមពីសំណាក់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិកក្រុមហ៊ុន ជីបម៉ុង គ្រុប, អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង, តារាចម្រៀង លោក ប៉ុន សុណារិន ហៅខេម ប្រធានក្រុមបាល់ទាត់ Cambodia football superstar ព្រមទាំងមន្ត្រី កីឡាករ ជាច្រើនរូបបានចូលរួម ក្នុងសន្និសីទសារព័ត៌មាននេះ ដែលពិធីបានធ្វើឡើងកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នៅផ្សារ ជីប ម៉ុង ២៧១ មេហ្គា ម៉ល។

តារាចម្រៀង ខេម ប្រធានក្រុមបាល់ទាត់ Cambodia football superstar បានបង្ហាញពីមោទនភាពក្នុងការដឹកនាំក្រុមបាល់ទាត់ ដោយចាប់ផ្តើមពីការស្រលាញ់កីឡា រហូតឱ្យមានព្រឹត្តិការណ៍ថ្ងៃទី០១ ខែមិថុនា។ ប្រធានក្រុមបាល់ទាត់រូបនេះ បង្ហាញពីក្តីរំភើបនិងអរគុណចំពោះមហាកិត្តិយសរបស់សម្តេចតេជោ ហ៊ុន សែន ដែលនឹងចូលរួមជា គ្រូបង្វឹកកិត្តិយស។

សូមបញ្ជាក់ថានេះមកទល់ពេលនេះព្រឹត្តិការណ៍បាល់ទាត់សប្បុរសធម៌របស់ក្រុមបាល់ទាត់ ខេមបូឌាហ្វូតបលសូពើស្តារ បានធ្វើឡើងចំនួន៣ដងមកហើយ និងប្រមូលមូលនិធិជូនកុមារកំព្រា និងមន្ទីរពេទ្យគន្ធបុប្ផា។

កុំភ្លេចចូលរួមណា នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ ចាប់ពីម៉ោង២រសៀលនឹងមានការប្រកួតបាល់ទាត់ដើម្បីមនុស្សធម៌ចំនួនពីរប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិក រួមមានជំនួបរវាងក្រុម Vloggers All Star Vs បាល់ទះ S&E All Star និងជំនួបរវាង CFSS Vs Kun Khmer All Star។

ក្នុងថ្ងៃនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំការប្រកួតដោយផ្ទាល់ ចំពោះការប្រកួតរបស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football super stars) ដែលមាន ឯកឧត្តម ឃួង ស្រេង (ជាជំនួយការគ្រូបង្វឹកកិត្តិយស)។

ជាពិសេសនៅក្នុងការប្រកួតបាល់ទាត់សប្បុរសធម៌ លោកអ្នកនឹងជួបជាមួយកំពូលតារាចម្រៀងល្បីៗក្នុងប្រទេសកម្ពុជា នៅឯពហុកីឡាដ្ឋានអូឡាំពិក ដូចជា លោក ឧកញ៉ា ខេមរៈ សិរីមន្ត , លោក ខាន់ ជេមស៍ , កញ្ញា តន់ ចន័្ទសីម៉ា , អ្នកនាង សុគន្ធ នីសា , កញ្ញា ចិត្ត កញ្ចនា , លោក KAI , លោក Mith Soybad , RIZER BAND , SUFFER BAND ៕

Share This Post: