អន្តរជាតិ

សីតុណ្ហភាពក្នុងតំបន់មួយចំនួននៅប្រទេសថៃបានកើនឡើងដល់ ៤៤,២អង្សាសេ ដែលជាកម្រិតដ៏ខ្ពស់មិនធ្លាប់មានក្នុងរយៈពេលជាង ៦០ឆ្នាំចុងក្រោយនេះ

BY
Pheakdey
April 30, 2024

ថៃ៖ សីតុណ្ហភាពនៅក្នុងប្រទេសថៃបានកើនឡើងយ៉ាងខ្ពស់នៅក្នុងខែមេសានេះ ដោយសីតុណ្ហភាពនៅតាមតំបន់ជាទូទៅ គឺបានកើនឡើងខ្ទង់ ៤០អង្សាសេ ខណៈតំបន់ដាច់ស្រយ៉ាលមួយចំនួនវិញ គឺសីតុណ្ហភាពកើនឡើងរហូតដល់កម្រិត ៤៤,២ អង្សាសេ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី៣០ ខែមេសានេះបានបញ្ជាក់ថា ជាមួយនឹងសីតុណ្ហភាព ៤៤,២អង្សាសេ តំបន់ទាំងនោះក៏បានកត់ត្រាសីតុណ្ហភាពដ៏ខ្ពស់មិនធ្លាប់មានផងដែរ បើគិតចាប់តាំងពីឆ្នាំ ១៩៥៨មក។

ប្រភពខាងលើបានបន្តថា បញ្ហារលកកម្តៅនៅក្នុងរដូវក្តៅឆ្នាំ២០២៤នេះ បានបណ្តាលឱ្យមានពលរដ្ឋថៃចំនួន ៣០នាក់ហើយ ដែលត្រូវស្លាប់បាត់បង់ជីវិត ដោយជនរងគ្រោះទាំងអស់នោះសុទ្ធតែបានស្លាប់ដោយសារបញ្ហាដាច់សរសៃឈាមនៅក្នុងខួរក្បាល ក្រោយពួកគេបានស្ថិតនៅក្រោមសីតុណ្ហភាពដ៏ខ្ពស់ក្នុងរយៈពេលជាច្រើនម៉ោង។ ក្រៅតែបានបណ្តាលឱ្យមានពលរដ្ឋស្លាប់បាត់បង់ជីវិតហើយ បញ្ហារលកកម្តៅក៏បានជម្រុញឱ្យតំបន់មួយចំនួននៅក្នុងប្រទេសថៃ ត្រូវប្រឈមនឹងបញ្ហាខ្វះខាតថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់ផងដែរ។ នៅចំពោះមុខស្ថានភាពគ្រោះថ្នាក់នេះ អាជ្ញាធរថៃបានណែនាំឱ្យពលរដ្ឋខ្លួនត្រូវបន្ថែមការប្រុងប្រយ័ត្ន ក្នុងការថែទាំសុខភាពរបស់ពួកគេឱ្យបានខ្ជាប់ខ្ជួន និងចៀសវាងការធ្វើសកម្មភាពនៅខាងក្រៅ ប្រសិនបើគ្មានភារកិច្ចចាំបាច់នោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: