អន្តរជាតិ

ភ្លៀងមួយមេធំនៅប្រេស៊ីលបណ្តាលឱ្យមនុស្ស ៣៧នាក់បាត់បង់ជីវិតនិង ៧០នាក់កំពុងបាត់ខ្លួន

BY
Pheakdey
May 4, 2024

ប្រេស៊ីល៖ រដ្ឋ Rio Grande do Sul ស្ថិតនៅភាគខាងត្បូងនៃ​ប្រទេសប្រេស៊ីលបានទទួលរងនូវភ្លៀងប្រកបដោយគ្រោះថ្នាក់មួយធំ ដែលបានបណ្តាលឱ្យមានមនុស្សចំនួន ៣៧នាក់ត្រូវស្លាប់បាត់បង់ជីវិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី៥ ខែឧសភានេះ។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗហើយ គិតត្រឹមពេលនេះក៏នៅមានពលរដ្ឋកំពុងបាត់ខ្លួនចំនួន ៧០នាក់ផងដែរ។

ប្រភពខាងលើបានបន្តថា ឥទ្ធិពលរបស់ទឹកភ្លៀងបានបង្កឱ្យមានទឹកជំនន់យ៉ាងឆាប់រហ័សនិងបង្ខំឱ្យពលរដ្ឋជាង ២៣,០០០នាក់ផ្សេងទៀតត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេដើម្បីទៅស្នាក់នៅកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នសិន។ គិតត្រឹមពេលនេះឥទ្ធិពលរបស់ភ្លៀងបានថយចុះបន្តិច តែស្ថានភាពទឹកជំនន់នៅតែបង្កជាបញ្ហាខ្លាំងនៅឡើយ ដ្បិតផ្លូវថ្នល់សំខាន់ៗជាច្រើនត្រូវបានកាត់ផ្តាច់ ហើយតំបន់មួយចំនួនត្រូវដាច់ចរន្តអគ្គិសនីផងដែរ៕  

អត្ថបទ៖​ ភក្តី

ប្រភព៖ The Strait Time

Share This Post: