អន្តរជាតិ

បុរសឥណ្ឌូនេស៊ីម្នាក់រៀបការបាន ១២ថ្ងៃទើបដឹងថាប្រពន្ធរបស់គាត់គឺជាមនុស្សប្រុស

BY
Pheakdey
May 6, 2024

ឥណ្ឌូនេស៊ី៖ រឿងរ៉ាវដ៏សែនហួសចិត្តមួយកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមក្នុងប្រទេសឥណ្ឌូនេស៊ី ដែលវាជាករណីមានបុរសម្នាក់រៀបការរួចបានរយៈពេល ១២ថ្ងៃ ទើបគាត់បានដឹងថាការពិតថាប្រពន្ធរបស់គាត់ក៏ជាមនុស្សប្រុសដូចគាត់ដែរ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz បានឱ្យដឹងថា បុរសជាជនរងគ្រោះក្នុងទំនាក់ទំនងស្នេហាមនុស្សភេទដូចគ្នាមួយនេះមានអាយុ ២៦ឆ្នាំ ហើយរូបគាត់បានស្គាល់គ្នាជាមួយគូស្នេហ៍ដែលជាមនុស្សប្តូរភេទបានរយៈពេលមួយឆ្នាំមុននឹងសម្រេចចិត្តរៀបការជាមួយគ្នា។

ប្រភពខាងលើបានបន្តថា ក្នុងរយៈពេលនៃការទាក់ទងគ្នាមួយឆ្នាំមកនេះគូស្នេហ៍ទាំង ២មិនដែលមានរឿងឈ្លោះប្រកែកគ្នាធ្ងន់ធ្ងរឡើយ ដោយពួកគាត់ទាំង ២នាក់ហាក់មានទម្លាប់នៃការរស់នៅ ចំណង់ចំណូលចិត្ត និងការគិតដូចគ្នាច្រើនខ្លាំងណាស់។ យ៉ាងណាក្តី អំឡុងពេលនៃការទាក់ទងគ្នានេះ បុរសដែលបានប្តូររាងកាយជាមនុស្សស្រីមិនសូវមានទំនាក់ទំនងជាមួយសមាជិកគ្រួសាររបស់បុរសជាប្តីឡើយ ហើយជាទូទៅគឺគូស្នេហ៍មួយគូនេះតែងទាក់ទាងគ្នាពីចម្ងាយតាមរយៈការសរសេរសារ ហើយពេលជួបគ្នាម្តងៗក៏គ្មានអ្នកណាដឹងថា​ ស្រ្តីជាប្រពន្ធនោះគឺជាមនុស្សប្រុសដែរព្រោះរូបសម្រស់ពីខាងក្រៅរបស់គាត់គឺមើលទៅដូចជាមនុស្សស្រីពិត ១០០%តែម្តង។ បើទោះជាស្រស់ស្អាតដូចមនុស្សស្រីពិតមែន តែប្រដាប់ភេទរបស់គាត់នៅតែមានលក្ខណៈដូចមនុស្សប្រុសទូទៅដដែល ហើយអាថ៌កំបាំងមួយនេះត្រូវបានធ្លាយនៅក្នុងយប់ផ្សំដំណេក។ ក្រោយមានរឿងរ៉ាវចម្រូងចម្រាសនេះខាងគ្រួសារជនរងគ្រោះក៏បានដាក់ពាក្យប្តឹងទៅកាន់អាជ្ញាធរ ហើយប្រពន្ធដែលជាមនុស្សស្រីក្លែងក្លាយក៏ត្រូវបានប៉ូលិសចាប់ខ្លួនផងដែរពីបទបោកប្រាស់ទំនុកចិត្តជនរងគ្រោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ World of Buzz

Share This Post: