អន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍ Qantas ត្រូវពិន័យជាប្រាក់ចំនួន ៦៦លានដុល្លារជុំវិញករណីលក់ “កៅអីខ្មោច” ឱ្យទៅអតិថិជន

BY
Pheakdey
May 6, 2024

អូស្រ្តាលី៖ ក្រុមហ៊ុនអាកាសចរណ៍ Qantas ដែលមានមូលដ្ឋាននៅក្នុងប្រទេសអូស្រ្តាលីបាននូវការពិន័យជាប្រាក់ចំនួន ៦៦លានដុល្លារជុំវិញករណីដែលក្រុមហ៊ុនបានលក់ “កៅអីខ្មោច” ឱ្យទៅអ្នកដំណើរជាបន្តបន្ទាប់នារយៈពេលកន្លងមក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី៦ ខែឧសភានេះ។ សូមបញ្ជាក់ថា ពាក្យ “កៅអីខ្មោច” នៅទីនេះគឺសំដៅទៅលើកៅអីនៃជើងហោះហើរដែលត្រូវបានក្រុមហ៊ុនសម្រេចលុបចោលរួចទៅហើយ តែក្រុមហ៊ុននៅតែបន្តលក់សំបុត្រយន្តហោះប្រភេទនេះទៅកាន់អតិថិជនជាធម្មតា។

ប្រភពខាងលើបានបន្តថា ការបន្តលក់សំបុត្រយន្តហោះដែលគ្មានជើងយន្តហោះជាក់ស្តែងត្រូវហោះទៅនេះគឺត្រូវបានធ្វើឡើងក្នុងចេតនាដើម្បីកេងចំណេញទីផ្សារពីសំណាក់ក្រុមហ៊ុន Qantas ពោលគឺក្រុមហ៊ុនចង់បង្ហាញពីវិសាលភាពរបស់ខ្លួនក្នុងការនាំយកអ្នកដំណើរទៅកាន់ទិសដៅផ្សេងៗដូចក្រុមហ៊ុនអាកាសចរណ៍ធំៗនៅលើពិភពលោកដែរ ខណៈជាក់ស្តែងខាងក្រុមហ៊ុនមិនមានលទ្ធភាពរៀបចំជើងហោះទៅកាន់ទីកន្លែងមួយចំនួនឡើយដោយសារបញ្ហាខ្វះខាតបុគ្គលិក ឬជើងហោះហើរទាំងនោះមានអតិថិជនតិចពេកជាដើម។

ឥវិយាបថរបស់ក្រុមហ៊ុន Qantas ត្រូវបានអាជ្ញាធរអាកាសចរណ៍អូស្រ្តាលីចាត់ទុកថា គឺជាការប្រកួតប្រជែងដោយមិនស្មើភាពជាមួយក្រុមហ៊ុនផ្សេងទៀត និងជាការបោកប្រាក់ទំនុកចិត្តយ៉ាងធ្ងន់ធ្ងរទៅកាន់អតិថិជនផងដែរ ខណៈតំណាងក្រុមហ៊ុន Qantas ក៏បានយល់ព្រមទទួលយកការចោទប្រកាន់នេះនិងយល់ព្រមបង់ប្រាក់ពិន័យគ្រប់ចំនួនផងដែរ។ ប្រភពខាងលើបានបន្តថា នៅក្នុងប្រាក់ពិន័យចំនួន ៦៦លានដុល្លារនេះគឺមានប្រាក់ចំនួន ១៣លានដុល្លារជាប្រាក់ដែលក្រុមហ៊ុនត្រូវបង់សងជំងឺចិត្តទៅកាន់អតិថិជនចំនួន ៨៦,០០០នាក់ ដ្បិតពួកគេបានខកខានការបំពេញភារកិច្ចឬដំណើរកំសាន្តតាមការគ្រោងទុកក្រោយទិញសំបុត្រយន្តហោះរួចហើយតែចុងក្រោយក៏ត្រូវក្រុមហ៊ុនលុបចោលជើងហោះហើរវិញ។ សូមបញ្ជាក់ជូនថា ក្រុមហ៊ុន Qantas ធ្លាប់ជាក្រុមហ៊ុនដ៏មានសក្តានុពលមួយដោយមានប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យមជាង ១,១ពាន់លានដុល្លារ តែក្រោយពេលកើតមានវិបត្តិនៃការរាតត្បាតជំងឺកូវីដ-១៩ ក្រុមហ៊ុនក៏បានប្រឈមនឹងបញ្ហាហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងររហូតដល់ត្រូវបញ្ឈប់បុគ្គលិកអស់ជាង ១,៧០០នាក់ទៀតផងព្រោះតែគ្មានប្រាក់ខែបើកជូនបុគ្គលិក៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time

Share This Post: