អន្តរជាតិ

ថៃ សម្រេចផ្តល់ជូនឧបករណ៍ធ្វើតេស្តរកជំងឺមហារីកមាត់ស្បូនដោយមិនគិតថ្លៃ ក្រោយរកឃើញថា មានស្រ្តី ១៥នាក់វិជ្ជមានជំងឺនេះជារៀងរាល់ថ្ងៃ

BY
Pheakdey
May 7, 2024

ថៃ៖ អាជ្ញាធរសុខាភិបាលថៃបានសម្រេចផ្តល់ជូនដោយមិនគិតថ្លៃនូវឧបករណ៍ធ្វើតេស្តរកជំងឺមហារីកមាត់ស្បូនដោយខ្លួនឯងទៅកាន់ក្រុមពលរដ្ឋជាស្រ្តីដែលមានអាយុចាប់ពី ៣០ឆ្នាំរហូតដល់៦០ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand នៅក្នុងថ្ងៃចន្ទ ទី៦ ខែឧសភានេះ។ ការសម្រេចផ្តល់ជូននេះត្រូវបានធ្វើឡើងក្រោយអាជ្ញាធរសុខាភិបាលថៃបានរកឃើញថា មានអ្នកធ្វើតេស្តវិជ្ជមានជំងឺមហារីកមាត់ស្បូនចំនួន ១៥ករណីត្រូវបានរកឃើញជារៀងរាល់ថ្ងៃ។

បើតាមលោកវេជ្ជបណ្ឌិត Yongyot Thammawut អគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រថៃបានបញ្ជាក់ថា នៅក្នុងចំណោមករណីកើតមានជំងឺមហារីកមាត់ស្បូនទាំងអស់គឺមានករណីឆ្លងរហូតដល់ ៩០% បានបណ្តាលមកពីជំងឺកាមរោគមួយប្រភេទដែលមានឈ្មោះថា Human Papillomavirus ឬហៅកាត់ថា HPV។ លោកវេជ្ជបណ្ឌិតរូបនេះបានបន្តថា រោគសញ្ញានៃការកើតមានជំងឺ HPV មានដូចជា៖

-មានដុំតូចៗពណ៌ក្រហម ថ្លា ឬក្រម៉ៅ នៅលើប្រដាប់ភេទរន្ធគូថ មាត់ អណ្តាត ឬបំពងក

-ពេលដុំសាច់ទាំងនោះផ្តុំគ្នាគឺវាមានរាងដូចផ្កាខាត់ណា

-ហើមប្រដាប់ភេទ

-រមាស់ប្រដាប់ភេទ ឬក្រហាយ

-ហូរឈាមពេលរួមភេទ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Nation Thailand

 

Share This Post: