អន្តរជាតិ

ពលរដ្ឋវៀតណាមជាង ៥៦០នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ដោយសារពុលនំប័ុងដាក់សាច់

BY
Pheakdey
May 7, 2024

វៀតណាម៖ យ៉ាងហោចណាស់មានពលរដ្ឋវៀតណាមជាង ៥៦០នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ក្រោយពួកគេបាននាំគ្នាញ៉ាំអាហារមួយប្រភេទដែលតាមភាសាវៀតណាមហៅថា bánh mì ឬជាទូទៅពលរដ្ឋនៅកម្ពុជាតែងហៅថា នំប័ុងដាក់សាច់តាមបែបវៀតណាម។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃអង្គារ ទី៧ ខែឧសភានេះបានឱ្យដឹងថា​ ករណីពុលអាហារខាងលើនេះបានកើតឡើងនៅក្នុងខេត្ត Dong Nai ភាគខាងត្បូងនៃប្រទេសវៀតណាម។

ប្រភពខាងលើបានបន្តថា​ នៅក្នុងចំណោមករណីមានអ្នកពុលអាហារទាំងជាង ៥០០ករណីខាងលើនេះ គឺមាន ១២ករណីជាករណីពុលធ្ងន់ធ្ងរ ខណៈនៅក្នុងចំណោមអ្នកមានអាការៈធ្ងន់ធ្ងរនោះក៏មានទាំងកុមារដែលមានអាយុចន្លោះពី ៦-៧ឆ្នាំផងដែរ។ ចំពោះអាការៈនៃការពុលវិញមានដូចជា រាគ ក្អួត និងឈឺពោះខ្លាំងជាដើម។ យ៉ាងណាក្តី គិតត្រឹមពេលនេះមានជនរងគ្រោះចំនួន ២០០នាក់ហើយបានជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យវិញហើយ។ បើតាមនាយកដ្ឋានសុខាភិបាលវៀតណាមបានបញ្ជាក់ថា ករណីពុលអាហារខាងលើនេះ គឺបង្កឡើងដោយសារតែវត្តមានរបស់បាក់តេរីឈ្មោះ E. Coli ដែលបាក់តេរីប្រភេទនេះអាចមាននៅក្នុងសាច់គោ បន្លែ និងឈីស៕

អត្ថបទ៖ ភក្តី

ប្រភព៖ BBC

Share This Post: