អន្តរជាតិ

កូរ៉េខាងត្បូងគ្រោងនឹងអនុវត្តវិធានការហាមឃាត់សិស្សដែលធ្លាប់ធ្វើបាប និងសើចចម្អក គេនៅសាលារៀនមិនឱ្យធ្វើជាគ្រូបង្រៀននៅពេលអនាគត

BY
Pheakdey
May 7, 2024

កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងគ្រោងនឹងអនុវត្តវិធានការហាមឃាត់សិស្សទាំងឡាយណាដែលធ្លាប់ Bully សិស្សដទៃនៅក្នុងសាលារៀនមិនឱ្យប្រលងធ្វើជាគ្រូបង្រៀនឡើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃអង្គារ ទី៧ ខែឧសភានេះ។ តាមគម្រោងគឺវិធានការខាងលើនេះនឹងត្រូវអនុវត្តចាប់ពីឆ្នាំ ២០២៦ តទៅ ហើយតួនាទីជាគ្រូបង្រៀនដែលត្រូវបានហាមឃាត់ចំពោះសិស្សដែលមានប្រវត្តិធ្លាប់ Bully គេនោះគឺគ្រូបង្រៀនក្របខណ្ឌរដ្ឋកម្រិតបឋមសិក្សា។

បើតាមក្រសួងអប់រំកូរ៉េខាងត្បូងបានបញ្ជាក់ថា​ គោលបំណងនៃការអនុវត្តវិធានការខាងលើនេះគឺដើម្បីកាត់បន្ថយសកម្មភាព Bully នៅតាមសាលារៀន ខណៈនិន្នការអវិជ្ជមានមួយនេះបានកើតឡើងយ៉ាងផុសផុលនៅតាមបណ្តាសាលារៀនក្នុងប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះរហូតធ្វើឱ្យសិស្សដែលជាជនរងគ្រោះមួយចំនួនត្រូវបង្ខំចិត្តធ្វើអត្តឃាតទៀតផង។ សូមបញ្ជាក់ថា ពាក្យ Bully ដែលអាជ្ញាធរកូរ៉េខាងត្បូងបានកំណត់នៅក្នុងការអនុវត្តវិធានការខាងលើនេះគឺសំដៅលើសកម្មភាពអវិជ្ជមានមួយចំនួនដូចជា ការគំរាមកំហែង អំពើហឹង្សាផ្លូវភេទ ការបង្ខូចកេរ្តិ៍ឈ្មោះ ហែកកេរ្តិ៍ ការបង្ខិតបង្ខំ ការគំរាមកំហែងតាមអ៊ីនធឺណិតឬដោយផ្ទាល់ ការធ្វើឱ្យរបួស ការធ្វើឱ្យប៉ះដល់ផ្លូវកាយ ឬផ្លូវចិត្តអ្នកដទៃជាដើម៕

អត្ថបទ៖ ភក្តី

ប្រភព៖ VN Express

Share This Post: