អន្តរជាតិ

ByteDance ដាក់ពាក្យប្តឹងទៅកាន់តុលាការជុំវិញករណីអាមេរិកបង្កើតច្បាប់សម្រាប់ហាមឃាត់ TikTok

BY
Pheakdey
May 8, 2024

អាមេរិក៖ ​ក្រុមហ៊ុន ByteDance បានដាក់ពាក្យប្តឹងរដ្ឋាភិបាលសហព័ន្ធអាមេរិកទៅកាន់តុលាការហើយជុំវិញករណីដែលសហរដ្ឋអាមេរិកបានបង្កើតច្បាប់សម្រាប់ធ្វើការហាមឃាត់កម្មវិធី TikTok​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី៨ ខែឧសភានេះ។ ក្រុមហ៊ុន ByteDance បានអះអាងថា ក្រុមហ៊ុននឹងធ្វើការតតាំងជាមួយរដ្ឋាភិបាលអាមេរិករហូតដល់តុលាការកំពូល ហើយក្រុមហ៊ុននៅតែរក្សាជំហរមិនព្រមលក់ភាគហ៊ុនឱ្យទៅអាមេរិកគ្រប់គ្រងឡើយ។

នៅក្នុងពាក្យបណ្តឹងរបស់ក្រុមហ៊ុន ByteDance បានបញ្ជាក់ថា ជុំវិញការបង្កើតច្បាប់ខាងលើនេះគឺសហរដ្ឋអាមេរិកបានបំពានយ៉ាងពេញទំហឹងទៅនឹងសិទ្ធបញ្ចេញទស្សនៈនិងការទំនាក់ទំនងជាសាធារណៈរបស់ពលរដ្ឋអាមេរិកជាង ១៧០លាននាក់ ដែលជាអ្នកប្រើប្រាស់ TikTok យ៉ាងសកម្មជារៀងរាល់ថ្ងៃ។ គួរកត់សម្គាល់ថា យោងទៅតាមច្បាប់ថ្មីដែលរដ្ឋាភិបាលអាមេរិកទើបបង្កើតនោះគឺក្រុមហ៊ុន ByteDance មានពេល ២៧០ថ្ងៃក្នុងការសម្រេចថា ត្រូវលក់ភាគហ៊ុនរបស់ខ្លួនឱ្យទៅអាមេរិកជាអ្នកគ្រប់គ្រង ឬក៏ទុកឱ្យអាមេរិកបិទកម្មវិធី TikTok នៅលើទឹកអាមេរិក ខណៈឱសានុវាទនេះនឹងត្រូវបញ្ចប់នៅត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ខាងមុខនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: