អន្តរជាតិ

អាជ្ញាធរជប៉ុនប្រកាសប្រមូលយកនំប៉័ង Pasco ជាងមួយសែនកញ្ចប់ត្រលប់មកវិញក្រោយរកឃើញមានបំណែកសត្វកណ្តុរនៅក្នុងកញ្ចប់នំប៉័ង

BY
Pheakdey
May 9, 2024

ជប៉ុន៖​ អាជ្ញាធរគ្រប់គ្រងផ្នែកចំណីអាហារជប៉ុនបានប្រកាសប្រមូលយកនំប័ុងជាងមួយសែនកញ្ចប់ត្រលប់មកវិញក្រោយរកឃើញនៅក្នុងកញ្ចប់នំប័ុងនោះមានផ្ទុកទៅដោយបំណែករាងកាយរបស់សត្វកណ្តុរ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៩​ ខែឧសភានេះបានបញ្ជាក់ថា នំប៉័ងដែលកំពុងជាប់នៅក្នុងរឿងចម្រូងចម្រាសខាងលើនេះគឺជានំប៉័ងចំណិតយីហោ Pasco ដែលនំប័ុងប្រភេទនេះគឺជាអាហារពេលព្រឹកដ៏ពេញនិយមសម្រាប់ពលរដ្ឋជប៉ុន។

ប្រភពខាងលើបានបន្តថា កាលពីពេលថ្មីៗនេះនៅក្នុងកញ្ចប់នំប៉័ង Pasco ចំនួន ២កញ្ចប់ត្រូវបានគេរកឃើញមានបំណែករាងកាយរបស់សត្វកណ្តុរខ្មៅជាច្រើនដុំ ដែលធ្វើឱ្យអ្នកកំពុងតែរៀបនឹងញ៉ាំនំប័ុងនោះមានអារម្មណ៍ខ្ពើមរអើមយ៉ាងខ្លាំង។ ក្រោយរកឃើញករណីមិនប្រក្រតីនេះអាជ្ញាធរជប៉ុនក៏បានប្រកាសប្រមូលយកនំប៉័ង Pasco ចំនួន ១០៤,០០០កញ្ចប់ពីតាមហាងមកវិញដើម្បីធ្វើការត្រួតពិនិត្យនិងស៊ើបអង្កេត ថាតើរឿងអវិជ្ជមាននេះបានកើតឡើងដោយរបៀបណា។ ដោយឡែកក្រុមហ៊ុន Pasco Shikishima Corp ដែលជាក្រុមហ៊ុនផលិតនិងចែកចាយន័ប័ុង Pasco ក៏បានចេញមកធ្វើការសូមទោសជាសាធារណៈចំពោះកំហុសឆ្គងមួយនេះផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: