អន្តរជាតិ

វៀតណាមស្នើឱ្យកម្ពុជាចែករំលែកព័ត៌មានលម្អិតអំពីផលប៉ះពាល់នៃគម្រោង “ព្រែកជីកហ្វូណនតេជោ”

BY
Pheakdey
May 10, 2024

វៀតណាម៖ បណ្តាញសារព័ត៌មាន VN Express របស់វៀតណាមបានចុះផ្សាយកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភានេះថា ប្រទេសវៀតណាមមិនទាន់មានព័ត៌មានគ្រប់គ្រាន់អំពីផលប៉ះពាល់នៃគម្រោងកសាង “ព្រែកជីកហ្វូណនតេជោ” នៅឡើយទេ ហើយវៀតណាមស្នើសុំឱ្យភាគីកម្ពុជាចែករំលែកនូវព័ត៌មានលម្អិតអំពីផលប៉ះពាល់នៃគម្រោងដ៏ធំមួយនេះទៅកាន់ខ្លួនផងដែរ។ ការលើកឡើងនេះត្រូវបានធ្វើឡើងដោយលោកស្រី Pham Thu Hang ដែលជាអ្នកនាំពាក្យឱ្យក្រសួងការបរទេសវៀតណាមក្នុងឱ្យកាសដែលលោកស្រីបានបង្ហាញខ្លួនក្នុងសន្និសីទសារព័ត៌មួយនៅក្នុងប្រទេសវៀតណាមកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម

លោកស្រី Pham Thu Hang បានបញ្ជាក់ថា វៀតណាមសង្ឃឹមថាកម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការជាមួយប្រទេសផ្សេងៗនៅក្នុងអនុតំបន់ទន្លេមេគង្គ ហើយធ្វើការចែករំលែកព័ត៌មានលម្អិតអំពីគម្រោងព្រែកជីក និងធ្វើការវាយតម្លៃឱ្យបានល្អិតល្អន់អំពីផលប៉ះពាល់របស់វាទៅលើធនធានទឹក​ និងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ ដើម្បីធានាឱ្យនូវផលប្រយោជន៍ សុខដុមរមនានៃទន្លេ និងធនធានក្នុងទន្លេមេគង្គប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព។ សូមបញ្ជាក់ថា ការលើកឡើងរបស់អ្នកពាក្យក្រសួងការបរទេសវៀតណាមនៅពេលនេះ គឺជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការ របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលបានបញ្ជាក់ថា កម្ពុជាបានជូនដំណឹងអំពីគម្រោងធ្វើព្រែកជីកហ្វូណនតេជោ ទៅកាន់គណៈកម្មការទន្លេមេគង្គ (MRC) រួចរាល់ហើយ ហើយកម្ពុជានឹងមិនពិគ្រោះយោបល់អំពីបញ្ហានេះជាមួយប្រទេសផ្សេងទៀតនៅក្នុងតំបន់ឡើយ៕

អត្ថប​ទ៖ ភក្តី

ប្រភព៖ VN Express

Share This Post: