អន្តរជាតិ

Samsung គ្រោងបន្ថែមការវិនិយោគនៅវៀតណាម ១ពាន់លានដុល្លារជារៀងរាល់ឆ្នាំ

BY
Pheakdey
May 10, 2024

វៀតណាម៖ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំបំផុតរបស់កូរ៉េខាងត្បូង Samsung បានឱ្យដឹងថា ក្រុមហ៊ុននឹងបង្កើនការវិនិយោគនៅក្នុងប្រទេសវៀតណាមក្នុងទំហំទឹកប្រាក់ ១ពាន់លានដុល្លារជារៀងរាល់ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភានេះ។ ការថ្លែងខាងលើនេះត្រូវបានធ្វើឡើងដោយលោក Park Hark Kyu អគ្គនាយកទទួលបន្ទុកផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Samsung Group ក្នុងឱកាសដែលរូបលោកបានអញ្ជើញចូលជួបដោយផ្ទាល់ជាមួយលោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh នៅក្នុងប្រទេសវៀតណាម។

លោក Park Hark Kyu (ឆ្វេង) និងលោក Pham Minh Chinh (ស្តាំ)

លោក Park Hark Kyu បានបញ្ជាក់ថា បរិយាកាសធុរកិច្ចកំពុងមានភាពប្រសើរឡើងជាបន្តបន្ទាប់ ដូច្នេះ Samsung នឹងបង្កើនចំនួនអាជីវកម្មនៅក្នុងប្រទេសវៀតណាម ដោយមានទាំងការបង្កើនខ្សែចង្វាក់ផ្គត់ផ្គង់និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្សផងដែរ។ អគ្គនាយកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Samsung រូបនេះបានបន្តថា ចាប់តាំងពីដើមឆ្នាំ២០២៤មកសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុននៅលើទឹកដីវៀតណាមមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ពោលគឺមានការកើនឡើងចំនួន ១២ដង ហើយចំពោះទីតាំងក្រុមហ៊ុនវិញគឺបានកើនឡើងពីចំនួន ២៥កន្លែងដែលជាចំនួនដំបូងមកដល់មានទីតាំងចំនួន ៣០៩កន្លែងគិតត្រឹមពេលបច្ចុប្បន្ននេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ VN Express

Share This Post: