អន្តរជាតិ

បុរសម្នាក់ប្រែក្លាយតូបលក់តៅហ៊ូស្អុយតាមចិញ្ចើមផ្លូវមួយកន្លែងក្នុងឆ្នាំ២០១៩ មកក្លាយជាប្រេនឆាយ Hey Hey Black ដែលមានតម្លៃជិត ៧០លានដុល្លារក្នុងពេលបច្ចុប្បន្ន

BY
Pheakdey
May 10, 2024

ចិន៖ តៅហ៊ូស្អុយ ឬតាមភាសាអង់គ្លេសបានហៅថា “Stinky Tofu” បានក្លាយជាអាហារដ៏ពេញនិយមមួយនៅក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ដោយជាទូទៅគេបានហៅអាហារប្រភេទនេះថា ជាអាហារដែលមានក្លិនមិនល្អក្នុងពេលចម្អិន តែមានរសជាតិឆ្ងាញ់ក្នុងពេលទទួលទាន។ បើទោះជាតៅហ៊ូស្អុយជាប្រភេទអាហារដែលមានដើមកំណើតមកពីប្រទេសចិនក៏ពិតមែន តែតំបន់នីមួយៗនៅក្នុងប្រទេសចិនមានវិធីក្នុងការចម្អិនវាតាមរបៀបផ្សេងៗគ្នាជាច្រើនឬអាចនិយាយបានថា រសជាតិដាច់ដោយឡែកតាមតំបន់ផងដែរ។

ជុំវិញប្រធានបទតៅហ៊ូស្អុយនេះ បណ្តាញសារព័ត៌មាន The Strait Time បានចុះផ្សាយអត្ថបទមួយនៅក្នុងថ្ងៃសុក្រ ទី១០ ខែឧសភានេះថា មានអ្នកលក់តៅហ៊ូស្អុយម្នាក់បានប្រែក្លាយអាជីវកម្មរបស់គាត់ពីតូបតូចមួយនៅចិញ្ចើមផ្លូវមកក្លាយជាក្រុមហ៊ុនមានតម្លៃរាប់លានដុល្លារក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ អ្នកលក់តៅហ៊ូស្អុយដ៏ជោគជ័យរូបនេះគឺលោក Lu Lucheng បច្ចុប្បន្នជាអគ្គនាយកនៃក្រុមហ៊ុនលក់តៅហ៊ូស្អុយយីហោ Hey Hey Black ដែលមានហាងជាង ១,៨០០កន្លែងនៅទូទាំងប្រទេសចិន ជាមួយនឹងការលក់តៅហ៊ូស្អុយជាង ៨០០,០០០ដុំជារៀងរាល់ថ្ងៃ។ គេនៅចាំបានថា កាលពីឆ្នាំ ២០១៩ លោក Lu Lucheng គ្រាន់តែជាអ្នកលក់តៅហ៊ូស្អុយតាមចិញ្ចើមផ្លូវមួយកន្លែងនៅក្នុងទីក្រុង Changsha ខេត្ត Hunan ប៉ុណ្ណោះ តែគិតត្រឹមពេលនេះខ្សែចង្វាក់អាជីវកម្មលក់តៅហ៊ូស្អុយយីហោ Hey Hey Black រ​បស់គាត់មានតម្លៃជាទឹកប្រាក់ចំនួន ៥០០លានយ័ន (៦៩លានដុល្លារអាមេរិក) ឯណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: