រថយន្ត

Jaguar Land Rover កំពុងអភិវឌ្ឍរថយន្តប្រភេទ SUV ដើរដោយថាមពលអ៉ីដ្រូហ្សែន-អគ្គិសនី

BY
autoadmin
July 2, 2020

Jaguar Land Rover កំពុងអភិវឌ្ឍរថយន្តប្រភេទ SUV ដើរដោយថាមពលអ៉ីដ្រូហ្សែន-អគ្គិសនី ក្រោមកម្មវិធីដែលឧបត្ថម្ភដោយរដ្ឋាភិបាលចក្រភពអង់គ្លេស។ គម្រោងនេះគឺជាផ្នែកមួយនៃកម្មវិធីជំរុញសេដ្ឋកិច្ចទឹកប្រាក់ ៧៣.៥ លានផោន (ប្រមាណជា ៩០.២លានដុល្លារ) សម្រាប់ឧស្សាហកម្មរថយន្តដែលផ្តោតលើបច្ចេកវិទ្យាបៃតង។ គម្រោងរបស់រដ្ឋាភិបាលអង់គ្លេសនេះ ត្រូវបានគេឱ្យឈ្មោះថា «រថយន្តបញ្ចេញឧស្ម័នត្រឹមសូន្យនិងបំភាយតិចនៅក្នុងទីក្រុង» ឬហៅកាត់ថា ZEUS (zero and low-emissions vehicles in urban society)។

សេចក្តីប្រកាសនេះមិនបានផ្តល់ព័ត៌មានលម្អិតអំពីរថយន្តនោះទេ ប៉ុន្តែបាននិយាយថាវានឹងមានស្ដង់ដាររបស់ Jaguar Land Rover ដូចជាសមត្ថភាពផ្លូវពិបាក off-road ជាដើម។ បន្ថែមពីលើគម្រោង ZEUS រដ្ឋាភិបាលក៏នឹងផ្តល់ថវិកាដល់ Jaguar Land Rover ដើម្បីអភិវឌ្ឍប្រព័ន្ធអេឡិចត្រូនិក ដែលអាចមានថាមពលសម្រាប់រថយន្តអាគុយ-អគ្គិសនី នាពេលអនាគត។

ប៉ុន្តែយ៉ាងណាព័ត៌មានស៉ីជម្រៅ ថាតើរថយន្តនេះនឹងនៅក្រោមម៉ាក Jaguar ឬ Land Rover ហើយផលិតកម្មនឹងមានលក់នៅពេលណា គឺនៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេ។ គម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុន BMW និង Ford ក៏នឹងត្រូវបានផ្តល់មូលនិធិដោយកម្មវិធី ZEUS នេះដូចគ្នា៕

អត្ថបទ៖ លីដា
ប្រភព៖ Motor Authority

Share This Post: