សង្ស័យស្រវឹងបើករថយន្តឆ្លងផ្លូវ ជ្រុលទៅបុកគ្នាជាមួយម៉ូតូ បណ្តាលឲ្យបាក់ភ្លៅម្នាក់ ស្រាប់តែលេចមុខអ្នកកាង អ្នកបើកបររថយន្តបម្រុងជម្លៀសគេចខ្លួន ប្រជាពលរដ្ឋនាំគ្នាជួយតាមឃាត់ ផ្ទុះហិង្សាផ្អើលទាំងយប់
រាជធានីភ្នំពេញ ៖ បុរសម្ចាស់ម៉ូតូរងរបួសបាក់ភ្លៅ ត្រូវបានអ្នកដំណើរនាំគ្នាជួយសង្គ្រោះបឋម និងហៅរថយន្តគិលានសង្គ្រោះ មកដឹកទៅកាន់មន្ទីរពេទ្យ ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ ចំណែកឯអ្នកបើកបររថយន្ត មានគ្នាមកកាងហើយព្យាយាមជម្លៀសចេញពីកន្លែងកើតហេតុ តែប្រជាពលរដ្ឋនិងអ្នកដំណើរ នាំគ្នាជួយឃាត់ទំរាំបាន រហូតកើតមានការប្រទាញប្រទង់គ្នា បង្កជាហិង្សាផ្អើលពេញផ្លូវ បណ្តាលឲ្យបុរសម្នាក់ដែលជាអ្នកមកកាង រងរបួសបាក់ក្តោងច្រមុះចេញឈាម ទើបមានសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកងទី១ ចុះមកដល់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ឈានដល់កើតមានជម្លោះប្រតាយប្រតប់គ្នាឡើងនេះ បានកើតឡើងកាលពីវេលាម៉ោងជិត១២រំលងអាធ្រាត្រ ឈានចូលថ្ងៃសៅរិ៍ ទី៤ ខែកក្កដា ឆ្នាំ២០២០នេះ នៅចំណុច លើវិថីព្រះនរោត្តម កែងផ្លូវលេខ៣៨០ ខាងកើតផ្សារបឹងកេងកង (ប្រហែល៧០០ម៉ែត្រ) ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតដូច្នេះថា នៅមុនពេលកើតហេតុ គេឃើញមានបុរសម្នាក់ អាយុជាង៣០ឆ្នាំ បើកបរម៉ូតូមួយគ្រឿង ម៉ាកហុងដាស្កូបពី (Honda Scoopy) ពណ៌ស ស្លាកលេខភ្នំពេញ 1HU-2854 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងល្បឿនលឿនល្មម ទិសដៅពីជើងទៅត្បូង លុះមកជិតដល់កន្លែងកើតហេតុកែងផ្លូវលេខ៣៨០ ស្រាប់តែទៅបុកជាមួយរថយន្តមួយគ្រឿង ម៉ាកកាម៉ារីបាឡែន ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2Z-2506 បើកបរដោយបុរសពាក់វ៉ែនតា(មិនស្គាល់អត្តសញ្ញាណ)ម្នាក់ ក្នុងអការៈស្រវឹងជោគជាំ ទិសដៅពីលិចទៅកើត តាមផ្លូវ៣៨០ ដែលបើកឆ្លងកាត់ផ្លូវបានពាក់កណ្ដាលផ្លូវចំពេញទំហឹង បណ្តាលឲ្យបុរសម្ចាស់ម៉ូតូបោកផ្ទប់នឹងរថយន្ត រងបួសបាក់ភ្លៅខាងស្តាំ ត្រូវបានអ្នកដំណើរនាំគ្នាជួយសង្គ្រោះបឋម និងហៅរថយន្តគិលានសង្គ្រោះ(ឯកជន)របស់មន្ទីរសម្រាកព្យាបាលសុងការណ៍ មកដឹកទៅកាន់មន្ទីរពេទ្យបាត់ទៅ ។

ក្នុងអំឡុងពេលនោះ បុរសពាក់វ៉ែនតាដែលអ្នកបើកបររថយន្ត បានចុះពីរថយន្ត ហើយឈរចុចទូរស័ព្ទនៅលើចិញ្ចើម ផ្លូវក្បែរកន្លែងកើតហេតុ មួយសន្ទុះក្រោយមក ក៏មានបុរសពាក់អាវខ្មៅម្នាក់ ជិះម៉ូតូមកដល់ ហើយចុះមកកាងអ្នកបើកបររថយន្ត រួចព្យាយាមជម្លៀសចេញពីកន្លែងកើតហេតុ តែបងប្អូនប្រជាពលរដ្ឋជាអ្នកដំណើរ រួមទាំងអ្នកឃើញហេតុការណ៍ នាំគ្នាជួយឃាត់ឲ្យបុរសដែលពាក់វ៉ែនតានោះនៅកន្លែងកើតហេតុ រងចាំសមត្ថកិច្ចមកដល់សិនដេីម្បីដោះស្រាយ ភ្លាមៗមោះក៏មានបុរសម្នាក់ទៀតជាអ្នកមកកាងម្ចាស់រថយន្តដែរ បានព្យាយាមនាំម្ចាស់រថយន្ត ចេញពីកន្លែងកេីតហេតុទៀត តែនៅតែជម្លៀសមិនបាន ព្រោះប្រជាពលរដ្ឋតាមឃាត់បានមុខច្រកផ្លូវចូលផ្ទះរបស់អ្នកបើកបររថយន្ត នៅលើផ្លូវព្រះនរោត្ដម សង្កាត់ទន្លេបាសាក់ ដែលមានចម្ងាយពីកន្លែងកើតហេតុប្រហែល៥០០ម៉ែត្រ ស្រាប់តែកើតមានជម្លោះប្រតាយប្រតប់ រុញច្រានគ្នាឡើង រវាងបងប្អូនប្រជាពលរដ្ឋ និងភាគីខាងអ្នកមកកាងអ្នកបើកបររថយន្តផ្អើលពេញផ្លូវ បណ្តាលឲ្យបុរសម្នាក់ដែលជាអ្នកមកកាង រងរបួសបាក់ក្តោងច្រមុះហូរឈាមផងដែរ ទើបឃេីញសមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងកេងកងទី១ មានទាំងលោកមេប៉ុស្តិ៍នាំកម្លាំងចុះមកដល់ ហើយសួរនាំអ្នកនៅកន្លែងកើតហេតុ ទំរាំដឹងរឿង ទើបឡេីងជិះម៉ូតូទៅនាំអ្នកបេីកបររថយន្តបង្ក ទៅស្នាក់ការប៉ុស្តិ៍បឹងកេងកងទី១ ដើម្បីរងចាំប្រគល់អោយផ្នែកជំនាញ ។

បច្ចុប្បន្នក្រោយពេលកើតហេតុ សមត្ថកិច្ចផ្នែកវាស់វែងនៃអធិការដ្ឋានខណ្ឌបឹងកេងកង បានមកដល់កន្លែងកើតហេតុ រួចរាយការណ៍ប្រាប់អោយជំនាញចុះមក ធ្វើការវាស់វែងរថយន្តនិងម៉ូតូ រួចយកទៅរក្សាទុកបណ្តោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំការដោះស្រាយគ្នាពេលបន្ត រីឯបុរសដែលរងរបួសបាក់ក្តោងច្រមុះ បានទៅព្យាបាលរបួសដោយខ្លួនឯង ។
ពាក់ព័ន្ធករណីនេះ ក្រុមការងារខ្មែរណូតយើងមិនទាន់ដឹងថា សមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលទទួលយកអ្នកបើកបររថយន្តពីស្នាក់ការប៉ុស្តិ៍បឹងកេងកងទី១នោះ ត្រូវអនុវត្តបន្តនីតិវិធីបែបណាទៀតនោះទេ៕ ដោយបងម៉េង



