ជាងបាញ់ថ្នាំម៉ូតូធ្លាក់ខ្លួនធ្វើចោរ គាស់ផ្ទះលួចបានម៉ូតូមួយគ្រឿងនៅខណ្ឌដង្កោ រត់ទៅដល់ខេត្តកំពង់ឆ្នាំង តែគេចមិនរួច
រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ចាប់ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ នៅត្រង់ចំណុចខាងមុខសាលាខេត្តកំពង់ឆ្នាំង ភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងងៃ បន្ទាប់ពីពួកគេបានប្រព្រឹត្តសកម្មភាពគាស់ទ្វារផ្ទះលួចយកម៉ូតូរបស់ប្រជាពលរដ្ឋ កាលទី០៣ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ១១៤ ផ្លូវលេខ២០ បុរីពិភពថ្មី ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យទី១ដែលត្រូវបានឃាត់ខ្លួនឈ្មោះ ព្រីង រដ្ឋា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងបាញ់ថ្នាំម៉ូតូ ទីលំនៅផ្ទះ៤៩ ផ្លូវ២៦១ ភូមិ១៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក និង ទី០២ឈ្មោះ រិន គន្ធារ័ក្ស ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះលេខ១៩ ផ្លូវលំ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ចំនែកជនរងគ្រោះឈ្មោះ អេង វណ្ណឆាវ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឆ្នោតខ្មែរ ទីលំនៅផ្ទះលេខ ១១៤ ផ្លូវលេខ២០ បុរីពិភពថ្មី ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក៖ ១/ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1FN-9874 ចំនួន០១គ្រឿង, ម៉ូតូម៉ាកហ្សូម័រអ៊ិច ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1GB-5331 ចំនួន០១គ្រឿង ,/តួរឺវីសចំនួន០១, /អាវខ្មៅដៃវែងជាប់មួកពីលើចំនួន០១, /ទូរស័ព្ទដៃម៉ាក Camfone ពណ៌ខ្មៅចំនួន០១គ្រឿង, /ទូរស័ព្ទដៃម៉ាកណូគាចុចពិល ពណ៌កាប់ស្តាំងចំនួន០១គ្រឿង និងកាបូបស្ពាយក្រឡាការ៉ូចំនួន០១ ។

បើតាមលោកវរៈសេនីយ៍ទោ ជាង ហុកសែ អធិការរងទទួលបន្ទុកព្រហ្មទណ្ឌខណ្ឌដង្កោ បានអោយដឹងថាកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៦និង០០នាទី ជនរងគ្រោះបានទុកម៉ូចំនួន៣គ្រឿង នៅក្នុងផ្ទះកើតហេតុ រួចចាក់សោរទ្វារត្រឹមត្រូវ ។ ហើយជនរងគ្រោះក៏បានធ្វើដំណើរទៅលេងខេត្តតាកែវជាមួយក្រុមគ្រួសារ ដោយពុំមានអ្នកនៅយាមផ្ទះទេ រហូតដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៦និង៤៥នាទី ជនរងគ្រោះបានត្រឡប់ពីខេត្តតាកែវ មកដល់ផ្ទះវិញ ស្រាប់តែឃើញទ្វារចំហរ ហើយមូលវីសដោះកញ្ចក់ទ្វារចេញ០១ផ្ទាំង និងឃើញម៉ូតូម៉ាកសេដេ ពណ៌ខ្មៅ (ម៉ូតូចាស់) ទុកចោលនៅខាងមុខផ្ទះ ។ បន្ទាប់មកជនរងគ្រោះ ក៏បានដើរចូលក្នុងផ្ទះឃើញអីវ៉ាន់ ត្រូវបានរើកកាយ រប៉ាត់រប៉ាយ និងបាត់ម៉ូតូចំនួន០២គ្រឿង មួយម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1FN-9874 និងមួយគ្រឿងទៀតម៉ាកហ្សូម័រអ៊ិច ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1GB-5331។ឃើញហេតុការណ៍ដូចនេះជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ដើម្បីជួយអន្តរាគមន៍។
ក្រោយទទួលបានបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចបានស្រាវជ្រាវនិងសហការជាមួយសមត្ថកិច្ចនគរបាល ខេត្តកំពង់ឆ្នាំង ចាប់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ នាំ រួមនិងវត្ថុតាង ដកហូតខាងលើ នៅវេលាម៉ោង០៩និង៣០នាទី ថ្ងៃខែឆ្នាំដដែល ត្រង់ចំណុចខាងមុខសាលាខេត្តកំពង់ឆ្នាំង ស្ថិតនៅភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ៕ ដោយបងម៉េង ខ្មែរណូត





