សាំងហ្គាពួររកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីបន្ថែមចំនួន ១៨៥នាក់ ដែលនាំឱ្យករណីសរុបមានដល់ ៤៤,៦៦៤នាក់
សាំងហ្គាពួរបានរាយការណ៍ថា ខ្លួនរកឃើញករណីជំងឺ COVID-19 ថ្មីចំនួន ១៨៥នាក់ សម្រាប់ការធ្វើបច្ចុប្បន្នភាពនៅថ្ងៃសៅរ៍ ទី០៤ ខែកក្កដា ដោយក្នុងនោះមានករណីសហគមន៍ចំនួន ៩ និងនាំចូល ១នាក់ ដែលនាំឱ្យមានករណីសរុបនៅក្នុងប្រទេសដល់ ៤៤,៦៦៤នាក់។ ក្រសួងសុខាភិបាល (MOH) បាននិយាយថា ក្នុងចំណោមករណីសហគមន៍ថ្មី គឺជាពលរដ្ឋឬអ្នករស់នៅអចិន្ត្រៃយ៍ ៤នាក់ និងអ្នកកាន់ប័ណ្ណការងារចំនួន ៥នាក់។

ការស្លាប់ដោយសារជំងឺ COVID-19 របស់ប្រទេសនេះនៅតែរក្សាត្រឹម ២៦ នាក់ដដែល ទោះបីមានការកើនឡើង ៣ខ្ទង់ រាល់ថ្ងៃយ៉ាងណាក្ដី។ ក្រសួងបានបន្ថែមថា ករណីភាគច្រើនដែលបានរាយការណ៍កាលពីថ្ងៃសៅរ៍ គឺជាអ្នកកាន់ប័ណ្ណការងារដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពលករបរទេស។ ក្រសួងសុខាភិបាលបាននិយាយថា ខ្លួននឹងផ្តល់ព័ត៌មានថ្មីៗបន្ថែមទៀតនៅពេលក្រោយ។ ករណីនៅទូទាំងពិភពលោកពេលនេះមានដល់ ១១លាននាក់ ខណៈការស្លាប់ជាសកលកើនដល់ ៥២១,០០០នាក់ហើយ៕




អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia