ឥណ្ឌាវ៉ាដាច់ប្រទេសរុស្ស៉ី ក្លាយជាប្រទេសមានអ្នកជំងឺកូវីដ១៩ ច្រើនបំផុតទី៣ ក្នុងពិភពលោក
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា ឥណ្ឌាពេលនេះបានឈរនៅចំណាត់ថ្នាក់ទី៣ ជាប្រទេសមានការឆ្លងជំងឺ COVID-19 ច្រើនបំផុតក្នុងពិភពលោក។ ជាមួយនឹងករណីសរុបជាង ៦៩៨,០០០ ករណី ធ្វើឱ្យប្រទេសក្នុងអាស៉ីមួយនេះ បានវ៉ាដាច់ប្រទេសរុស្ស៉ីនៅក្នុងតារាង។ ឥណ្ឌាក៏បានកត់ត្រាការស្លាប់ ដោយសារជំងឺ COVID-19 ជាង ១៩,០០០នាក់ ហើយតួលេខនេះគឺជាអត្រាស្លាប់ច្រើនជាង២ដង បើប្រៀបទៅប្រទេសចិន ដែលបានជំងឺផ្ទុះជំងឺឡើងដំបូង។

ដូច្នេះមានន័យថាប្រទេសដែលមានការឆ្លងច្រើនបំផុតទាំង៣ ពេលនេះគឺ សហរដ្ឋអាមេរិក ដោយមានករណីជាង ២.៩ លាននាក់ និងប្រេស៊ីលមានករណី ១.៦ លាននាក់ ខណៈឥណ្ឌាមាន ៦៩៨,០០០ នាក់។ នៅទូទាំងពិភពលោកមានករណីឆ្លងសរុបជាង ១១.៥ លាននាក់ ខណៈស្លាប់សរុបមាន ៥៣៦,០០០នាក់។ គួរឱ្យដឹងដែរថា ករណីជំងឺ COVID-19 ពេលនេះមានការឆ្លងក្នុងល្បឿនលឿនជាងមុនទៅទៀត ដូច្នេះសូមមានការប្រុងប្រយ័ត្នទាំងអស់គ្នា៕


អត្ថបទ៖ លីដា
ប្រភព៖ BBC, Johns Hopkins