រថយន្ត

Porsche បញ្ចេញម៉ូដែល Taycan ប្រើប្រព័ន្ធ RWD មានតម្លៃធូរថ្លៃ សម្រាប់ទីផ្សាររបស់ប្រទេសចិនតែមួយគត់

BY
autoadmin
July 6, 2020

ទីបំផុតក្រុមហ៊ុន Porsche បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជូនម៉ូដែល Taycan ក្នុងប្រភេទរថយន្តជាប៉ុង១ (rear-wheel drive) ប៉ុន្តែអ្នកប្រហែលជាមិនទាន់អាចទិញវាបានទេ ដោយសារតែម៉ូដែលនេះមានសម្រាប់តែក្នុងទីផ្សារប្រទេសចិនប៉ុណ្ណោះ។ យោងតាម Autoblog បានឱ្យដឹងថា រថយន្តអគ្គិសនី Taycan បានបោះចោលម៉ូទ័រសម្រាប់កង់មុខ ដើម្បីអំណោយផលដល់ប្រព័ន្ធកង់ខាងក្រោយ (RWD) ដោយវាអាចផ្ដល់កម្លាំង 402HP ជាមួយអាគុយទំហំ 79.2kWh ឬរហូតដល់ទៅ 469HP ជាមួយថាមពលអាគុយ 93.4kW (Performance Battery Plus)។

និយាយឱ្យស្រួលស្ដាប់ទៅគឺប្រព័ន្ធប៉ុង១ វាមិនអាចខ្លាំងជាងប្រព័ន្ធប៉ុង២ នោះទេ ជាពិសេសក្នុងអាកាសធាតុមិនល្អ។ យ៉ាងណាក៏ដោយវាមានតម្លៃធូរថ្លៃជាងធម្មតា ២០% ដែលនៅទីផ្សារអាមេរិកតម្លៃរបស់ Taycan ប៉ុង២ គឺខ្ទង់ ៨៥,០០០ដុល្លារ ដូច្នេះសម្រាប់អ្នកស្រឡាញ់ Taycan អាចសន្សំសំចៃបានច្រើនគួរសម។ រថយន្ត Taycan ប៉ុង១ ប្រភេទអាគុយ 79.2kWh អាចបើកបានចម្ងាយ 413 គីឡូម៉ែត ខណៈកម្លាំងអាគុយ 93.4kWh អាចបើកបានរហូតដល់ 489គីឡូម៉ែត្រ។

យ៉ាងណាក៏ដោយ Porsche មិនបានពន្យល់ពីមូលហេតុដែលរថយន្តនេះមានតែប្រទេសចិននោះទេ ប៉ុន្តែប្រធានស្រាវជ្រាវលោកបណ្ឌិត Michael Steiner បាននិយាយថា RWD គឺសម្រាប់តំបន់ដែលអាកាសធាតុល្អ មិនចាំបាច់ប្រើប្រព័ន្ធ AWD ។ ក្រុមហ៊ុន Porsche ក៏បាននិយាយថា រថយន្តប៉ុង១នេះកំពុងស្ថិតក្នុងការពិចារណាសម្រាប់ទីផ្សារសហរដ្ឋអាមេរិកផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ Engadget

Share This Post: