នារីរូបស្រស់២នាក់ បើករថយន្តខ្វះការប្រុងប្រយ័ត្នរេចង្កូតចូលផ្លូវម្ខាងទៀតបុករថយន្តដឹកមាន់ពេញទំហឹង កៀបជាប់ព្រូឡានរងរបួសជើងទាំងសងខាង
រាជធានីភ្នំពេញ ៖ នារីរូបស្រស់ពីរនាក់ បើករថយន្តកាមរីមួយគ្រឿង ខ្វះការប្រុងប្រយ័ត្នបានរេចង្កូតទៅកន្លងផ្លូវម្ខាងទៀត ទៅបុករថយន្តកូរ៉េដឹកមាន់ពេញទំហឹង បណ្ដាលឲ្យខ្ទេចមួយកំណាត់មុខ និងកៀបជាប់ព្រូឡានរងរបួសជើងទាំងសងខាង ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាជួយសង្គ្រោះយកចេញមកខាងក្រៅ បង្កភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង០១:៣០នាទីយប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ នៅចំណុចមុខផ្ទះម៉ាស្សាកោសជប់មួយកន្លែង តាមបណ្តោយផ្លូវ៣៧១ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តកូរ៉េដឹកទំនិញមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AK-8240 ដែលជារថយន្តដឹកមាន់ បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរ៣នាក់ទៀតបានធ្វើដំណើរតាមបណ្ដោយផ្លូវ៣៧១ ទិសដៅពីលិចមកកើត ក្នុងល្បឿនល្មម លុះពេលដែលមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកាមរីមួយគ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2AF-1167 បើកបរដោយនារីរូបស្រស់ម្នាក់ និងម្នាក់ទៀតជាអ្នករួមដំណើរបានបើកបរតាមបណ្ដោយផ្លូវ៣៧១ ទិសដៅបញ្ច្រាសគ្នាពីកើតទៅលិចវិញ ក្នុងស្ថានភាពល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតទៅខាងឆ្វេងដៃចូលគន្លងម្ខាងទៀត ទៅបុកចំរថយន្តកូរ៉េដឹកមាន់ខាងលើ បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿង រងការខូចខាតខ្ទេចមួយកំណាត់មុខទាំងពីរគ្រឿង ចំណែកឯរថយន្តកូរ៉េដឹកមាន់កៀបជាប់ព្រូម្នាក់ រងរបួសជើងទាំងសងខាង ត្រូវបានបងប្អូនប្រជាពលរដ្ឋ និងអ្នកដែលឃើញហេតុការណ៍ ជាពិសេសនារីម៉ាស្សាចេញមកជួយយកចេញពីក្នុងរថយន្ត ហើយនាំទៅលាងរបួសនៅក្នុងផ្ទះម៉ាស្សាសិនផងដែរ ។
មួយសន្ទុះក្រោយមក គេឃើញថាមិត្តភក្កិរបស់នារីម្ចាស់រថយន្ដកាមរីបានបើករថយន្តមកដល់តាមក្រោយផងដែរ ។ រួចភាគីទាំងសងខាងបានសម្របសម្រួលគ្នាដែរ តែមិនទាន់ត្រូវគ្នា បង្កឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលបឹងទំពុនទី២ ចុះមកជួយអន្តរាគមន៍ដែរ ប៉ុន្តែកន្លែងកើតហេតុស្ថិតនៅក្នុងទឹកដីនៃសង្កាត់ដង្កោខណ្ឌដង្កោ ទើបទាក់ទងប្រាប់ទៅកម្លាំងប៉ុស្តិ៍នគរបាលដង្កោ ចុះមកធ្វើការសម្របសម្រួលនៅកន្លែងកើតហេតុវិញ។
បច្ចុប្បន្នក្រោយពេលកើតហេតុភាគីនារីរូបស្រស់ទាំងពីរព្រមទទួលខុសត្រូវ ដោយយល់ព្រមហៅរថយន្តមកស្ទូចយករថយន្តទៅជួសជុលអោយដើម្បីបញ្ចប់រឿង មិនរំខានសមត្ថកិច្ចចុះមកវាស់វែងឡើយ ៕

ដោយ៖ បងម៉េង ខ្មែរណូត