កូវីដ-១៩

សាំងហ្គាពួររកឃើញករណីកូវីដ១៩ ថ្មីចំនួន ១៥៨នាក់ ដែលនាំឱ្យចំនួនសរុបមានដល់ ៤៥,២៩៨ ករណី

BY
autoadmin
July 8, 2020

សាំងហ្គាពួរនៅតែបន្តមានករណីថ្មីៗនៃជំងឺ COVID-19 ដោយនៅថ្ងៃពុធ ទី០៨ ខែកក្កដា ឆ្នាំ២០២០ ប្រទេសនេះបានរាយការណ៍ករណីថ្មីចំនួន ១៥៨ ដែលនាំឱ្យចំនួនសរុបមានដល់ ៤៥,២៩៨ ករណី ហើយការស្លាប់នៅតែមាន ២៦នាក់ ដដែល។ ករណីថ្មីៗចុងក្រោយរួមមានករណីក្នុងសហគមន៍ចំនួន ៩ និងករណីនាំចូលចំនួន ៣ ។ ពលករចំណាកស្រុកដែលរស់នៅក្នុងអន្តេវាសិកដ្ឋាន នៅតែជាអ្នករួមចំណែកភាគច្រើនក្នុងចំណោមករណីទាំងអស់។ ព័ត៌មានលម្អិតក្រសួងសុខាភិបាលសាំងហ្គាពួរ នឹងធ្វើការផ្សាយជូនបន្តនារាត្រីថ្ងៃពុធ។

កាលពីម្សិលមិញនេះសាំងហ្គាពួរមានករណីក្នុងសហគមន៍ចំនួន ២០ ហើយក្នុងនោះក៏មានករណីសិស្ស និងគ្រូបង្រៀន សរុបចំនួន ៥នាក់ ដែលបានឆ្លងជំងឺ COVID-19 នេះផងដែរ។ ករណីក្នុងសហគមន៍ចំពោះគ្រូបង្រៀនម្នាក់នោះ ក៏នឹងត្រូវធ្វើការស៊ើបអង្កេតបន្ថែមដោយរដ្ឋាភិបាល។ កាលពីថ្ងៃអង្គារដដែលនោះក៏មានករណីឆ្លងមកលើកុមារ មានអាយុ២ឆ្នាំម្នាក់ ក្មេងស្រីអាយុ៩ឆ្នាំម្នាក់ និងក្មេងប្រុសអាយុ១១ឆ្នាំ។ ក្នុងចំណោមករណីអ្នកឆ្លង COVID-19 សរុបទាំងអស់ ប្រទេសសាំងហ្គាពួរក៏បានព្យាបាលជាសះស្បើយបាន ៤០,៩៩០ នាក់ដែរ។ ចំណែកករណីនៅទូទាំងសកលគឺមានច្រើនជាង ១១.៩លាននាក់ និងមានអ្នកស្លាប់សរុប ៥៤៥,៥០០ នាក់៕

អត្ថបទ៖ លីដា
ប្រភព៖ The Straits Times

Share This Post: