មិនគួរឲ្យជឿសោះថា ទម្លាប់មិនសមរម្យគួរឲ្យខ្ពើមទាំង ៨ នេះ តាមពិតទៅល្អចំពោះសុខភាពរាងកាយទៅវិញ
ទោះជាយ៉ាងណាក៏ដោយ មិនមែនទម្លាប់មិនសមរម្យ ឬគួរឲ្យខ្ពើមទាំងអស់របស់យើងសុទ្ធតែអាក្រក់ដូចដែលយើងធ្លាប់បានគិតទុកឡើយ។ ខាងក្រោមជាទម្លាប់មិនសមរម្យទូទៅបំផុតមួយចំនួនដែលតាមពិតទៅ គឺជារឿងល្អសម្រាប់សុខភាព ៖
៨. ការនោមក្នុងពេលងូតទឹក ៖ បើទោះជាវាហាក់ដូចជាមិនមែនជារឿងសមរម្យនៅពេលនិយាយអំពីការនោមខណៈពេលងូតទឹក ប៉ុន្តែអ្នកស្រាវជ្រាវជាច្រើនបានរកឃើញថា មនុស្សប្រមាណជាជិត ៧៥ ភាគរយបានធ្វើរឿងនេះយ៉ាងហោចណាស់ម្ដងក្នុងមួយជីវិតរបស់ពួកគេ។ តាមពិតទៅវាគ្មានអ្វីដែលត្រូវខ្មាសឡើយ អាស៊ីតអ៊ុយរិក និងអាម៉ូញាក់ដែលមានផ្ទុកក្នុងទឹកនោមរបស់អ្នកអាចជួយទប់ស្កាត់ម្រាមជើងរបស់អ្នកពីការឆ្លងនូវមេរោគផ្សិត។ លើសពីនេះទៅទៀត ប្រសិនបើអ្នកនោមនៅខណៈពេលកំពុងងូតទឹក អ្នកអាចសន្សំថ្លៃទឹក និងក្រដាសអនាម័យបានខ្លះផងដែរ។

៧. ការស្ដោះទឹកមាត់ ៖ ពិតណាស់វាអាចនឹងមើលទៅគួរឲ្យខ្ពើម ជាពិសេសប្រសិនបើវាត្រូវបានប្រព្រឹត្តនៅតាមទីកន្លែងសាធារណៈ។ ទោះជាយ៉ាងណា ការស្ដោះទឹកមាត់អាចជួយឲ្យអ្នកដកដង្ហើមបានស្រួល។ ជាធម្មតា ពួកយើងដកដង្ហើមតាមរយៈច្រមុះ ប៉ុន្តែនៅពេលយើងធ្វើលំហាត់ប្រាណណាមួយដូចជា ការរត់ ពេលខ្លះយើងបានធ្វើការដកដង្ហើមតាមរយៈមាត់ ហើយសកម្មភាពនេះនឹងបណ្តាលឲ្យមានផលិតទឹកមាត់កាន់តែច្រើនដែលរំខានដល់ដង្ហើមរបស់យើង។ ហេតុដូច្នេះ វាជារឿងធម្មតាណាស់ក្នុងការកម្ចាត់ជាតិរំអិលហួសប្រមាណដែលត្រូវបានផលិតឡើងក្រោយពេលរត់តាមរយៈការស្ដោះទឹកមាត់។

៦. ការទំពារស្ករកៅស៊ូ ៖ បើទោះបីជាស្ករកៅស៊ូមិនផ្ដល់អត្ថប្រយោជន៍បែបអាហារូបត្ថម្ភល្អចំពោះសុខភាពរាងកាយក៏ដោយ ប៉ុន្តែយោងតាមការបង្ហាញឲ្យដឹងតាមបែបវិទ្យាសាស្ត្រ ការទំពារស្ករកៅស៊ូជួយដាស់អារម្មណ៍ និងស្មារតីឲ្យស្វាងបានល្អប្រសើរជាងជាតិកាហ្វេអ៊ីន។ ការទំពារស្ករកៅស៊ូអាចជួយអ្នកឲ្យផ្តោតអារម្មណ៍បានល្អបង្កើនការចងចាំ កាត់បន្ថយភាពស្ត្រេស និងធ្វើឲ្យកម្រិតនៃអ័រម៉ូនក្នុងរាងកាយមានតុល្យភាព។

៥. ការផោម ៖ ជាទូទៅ រាងកាយបញ្ចេញជាតិហ្គាសប្រហែលជា ១៤ ដង ក្នុងមួយថ្ងៃ និងប្រមាណជាពី ៣ ទៅ ៥ ដង ក្នុងពេលគេង។ តាមធម្មតា បំពង់រំលាយអាហារចាប់ផ្ដើមផលិតកាបូនឌីអុកស៊ីត និងមេតានប្រហែលជា ៦ ម៉ោងក្រោយពេលទទួលទានអាហាររួច ហើយការផោមជួយរាងកាយដើម្បីបញ្ចេញ ឬកម្ចាត់នូវសារធាតុទាំងពីរនេះ។ ប្រសិនបើអ្នកព្យាយាមទប់ផោម ឬទប់ជាតិហ្គាសក្នុងរាងកាយរយៈពេលយូរ វាអាចនឹងបណ្ដាលឲ្យកើតមានអាការៈឈឺក្នុងពោះ ឬហើមពោះជាមិនខាន។

៤. ការភើ ៖ ការភើដែលល្អ គឺការភើនៅក្រោយពេលទទួលទានអាហារច្រើនមួយរួចដោយវាជួយបន្ធូរខ្យល់ក្នុងពោះរបស់អ្នក។ ការទប់ភើ និងហ្គាសនៅក្នុងពោះអាចបណ្ដាលឲ្យអាស៊ីតក្រពះហៀរចូលក្នុងបំពង់អាហារដែលជាលទ្ធផលបង្កទៅជាអាការៈឈឺទ្រូង។ ប៉ុន្តែប្រសិនបើអ្នកភើច្រើនដងពេកក្នុងមួយថ្ងៃ អ្នកគួរតែប្រញាប់ទៅជួបពិនិត្យជាមួយនឹងគ្រូពេទ្យជំនាញជាបន្ទាន់ ក៏ព្រោះវាអាចជារោគសញ្ញានៃជំងឺច្រាលទឹកអាស៊ីតក្រពះ។

៣. ការខាំក្រចក ៖ នៅពេលដែលអ្នកខាំក្រចក ពពួកបាក់តេរីមួយចំនួនដែលស្ថិតជាប់ក្រចកអាចនឹងឆ្លងចូលក្នុងរាងកាយរបស់អ្នក ហើយខណៈនោះប្រព័ន្ធភាពស៊ាំក៏ចាប់ផ្ដើមផលិតកោសិកាឈាមសដែលជួយប្រយុទ្ធប្រឆាំងនឹងពពួកបាក់តេរីទាំងនោះ។ រាងកាយក៏ធ្វើការសម្គាល់នូវប្រភេទបាក់តេរីទាំងនោះក្នុងអង្គចងចាំរបស់ខ្លួន ដូច្នេះប្រសិនបើពពួកបាក់តេរីប្រភេទដដែលនេះឆ្លងចូលក្នុងរាងកាយជាលើកទីពីរ រាងកាយនឹងមានកោសិកា lymphocytes ដែលប្រឆាំងនឹងពពួកបាក់តេរីទាំងនោះរួចជាស្រេច។ លើសពីនេះទៅទៀត ការសិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញឲ្យដឹងថា កុមារដែលចូលចិត្តបៀមមេដៃ ឬខាំញ្ញេញក្រចករបស់ពួកគេ គឺមិនងាយនឹងទទួលរងបញ្ហាប្រតិកម្មអាឡែកស៊ីឡើយ។

២. ការយកដៃរុករន្ធច្រមុះ ហើយលិតសំបោរ ឬរំអិលក្នុងច្រមុះ ៖ យើងតាមការសិក្សាស្រាវជ្រាវជាច្រើនបានឲ្យដឹងថា ទម្លាប់អាក្រក់គួរឲ្យខ្ពើមនេះអាចជួយបង្កើនភាពរឹងមាំនៃប្រព័ន្ធភាពស៊ាំ។ សំបោរមានផ្ទុកនូវប្រូតេអ៊ីន salivary mucins ដែលអាចប្រយុទ្ធប្រឆាំងការកកើតឡើងនូវពពួកបាក់តេរី។ នៅពេលដែលអ្នកទទួលទានសំបោរ ប្រព័ន្ធភាពស៊ាំនឹងបញ្ចេញនូវកោសិកាឈាមសដើម្បីការពារខ្លួនវាប្រឆាំងជាមួយប្រភេទនៃបាក់តេរីនោះ។

១. ការមិនងូតទឹក ៖ ប្រសិនបើអ្នកងូតទឹករាល់ថ្ងៃ នោះវាហាក់ដូចជាអ្នកកំពុងសម្អាតនូវជាតិប្រេងសំខាន់ៗដែលជួយការពារ និងចាំបាច់ដើម្បីរក្សាជាតិសំណើមចេញពីស្បែក ក៏ដូចជាសក់របស់អ្នកអ៊ីចឹង។ សូម្បីតែការងូតទឹកក្ដៅក៏អាចបំផ្លាញ់នូវពពួកបាក់តេរីល្អៗដែលស្បែកត្រូវការដើម្បីភាពរលោងភ្លឺ និងយឺតផងដែរ។ ដូច្នេះការមិនងូតទឹកម្ដង ឬពីរដងក្នុងមួយសប្តាហ៍ គឺជាមិនមែនជារឿងអាក្រក់ឡើយ៕

អត្ថបទ ៖ Bee
ប្រភព ៖ Brightside