ខ្ពើមហួស! អាជ្ញាធរចិនខំយកសាច់ខូចគុណភាពទៅកប់ក្នុងដីចោល បែរប្រជាជនចិននាំគ្នាកាយយកសាច់នោះមកលក់វិញ (មានវីដេអូ)
ចិន៖ អាជ្ញាធរនៅខេត្ត Yunnan ប្រទេសចិន បានប្រមូលសាច់ខូចគុណភាពយកទៅកប់ចោល ដើម្បីកុំឲ្យចរាចរនៅលើទីផ្សារខ្លាចប៉ះពាល់ដល់ប្រជាពលរដ្ឋ ប៉ុន្តែបែរជាប្រជាជននៅតំបន់នោះនាំគ្នាកាយយកសាច់ទាំងនោះមកលក់ទៅវិញ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ទីក្រុង Jinping ស្ថិតក្នុងខេត្ត Yunnan ដែលស្ថិតនៅក្បែរព្រំដែនប្រទេសវៀតណាមនោះ ជាកន្លែងដែលរត់ពន្ធខុសច្បាប់សាច់យ៉ាងច្រើន។ មន្ត្រីប៉ូលិសនៅទីនោះបានឲ្យដឹងថា ពេលខ្លះពួកគាត់ចាប់អ្នករត់ពន្ធខុសច្បាប់ទាំងនោះ ដែលតែងតែយកសាច់គុណភាពអន់ និងខូច ដើម្បីនាំទៅប្រទេសវៀតណាម ហើយសាច់ខូចគុណភាពទាំងនោះបានមកពីប្រទេសអាមេរិក អាលឺម៉ង់ និងប្រេស៊ីល។

ពេលចាប់បានសាច់ខូចគុណភាពទាំងនោះ មន្ត្រីប៉ូលិសបានយកសាច់នោះទៅកប់នៅក្នុងរណ្តៅដី ដោយចាក់ស៊ីម៉ងត៍ក្រាលពីលើថែមទៀត ហើយការធ្វើបែបនេះ ដោយសារតែកន្លងទៅធ្លាប់មានប្រជាជននៅតំបន់នោះជាច្រើនបាននាំគ្នាមកជីកកាប់គាស់រណ្តៅ ដើម្បីយកសាច់ខូចគុណភាពនោះចេញ។ គេមិនបានដឹងច្បាស់ទេថា តើសាច់ ដែលគេកាយយកចេញពីរណ្តៅទាំងអស់នោះ យកទៅណាឡើយ។ បើតាមទំនង សាច់ទាំងនោះប្រហែលជាយកទៅលក់ឲ្យរោងចក្រសាច់នៅតាមជនបទ និងលក់ឲ្យស្តង់លក់អាហារតាមចិញ្ចើមថ្នល់នៅក្នុងតំបន់៕
អត្ថបទ៖ សេម
ប្រភព៖ medium