កូវីដ-១៩

ថ្ងៃនេះទីក្រុងតូក្យូរកឃើញករណីជំងឺកូវីដ១៩ ថ្មីចំនួន ២២៤ ករណី ដែលជាចំនួនមួយច្រើនបំផុតមិនធ្លាប់មានពីមុន

BY
autoadmin
July 9, 2020

ប្រព័ន្ធផ្សព្វផ្សាយសាធារណៈ NHK បាននិយាយថា ទីក្រុងតូក្យូបានកត់ត្រាករណីនៃជំងឺ COVID-19 ថ្មីចំនួន ២២៤ករណី នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ដែលវាជាកំណត់ត្រាថ្មីប្រចាំថ្ងៃខ្ពស់បំផុត នៅក្នុងរាជធានីរបស់ប្រទេសជប៉ុន ចាប់តាំងពីវិបត្តិនេះបានកើតឡើង។ ករណីដែលបានបញ្ជាក់សរុបសម្រាប់ទីក្រុងនេះ គឺមានលើសពីកំណត់ត្រាមុនទៅទៀត ដោយកំណត់ត្រាចាស់គឺ ២០៦ករណី ដែលត្រូវបានកត់ត្រានៅថ្ងៃទី១៧ ខែមេសា នៅពេលដែលទីក្រុងតូក្យូ និងមជ្ឈមណ្ឌលសំខាន់ៗដទៃទៀតស្ថិតនៅក្នុងស្ថានភាពអាសន្ន។

ករណីវិជ្ជមានចំពោះជំងឺ COVID-19 នៅទីក្រុងតូក្យូបានចាប់ផ្តើមឡើងនៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ នៅពេលដែលអាជ្ញាធរសុខាភិបាលបង្កើនគោលដៅធ្វើតេស្ដ ក្នុងចំនោមកម្មករនៅតាមតំបន់កម្សាន្ត Shinjuku និង Ikebukuro ។ ចំណែកទូទាំងប្រទេសជប៉ុនមានករណីឆ្លងជាង ២០,០០០ ករណីមកហើយ ខណៈរហូតមកដល់ពេលនេះមានអ្នកស្លាប់ចំនួន ៩៨០នាក់។ យើងឃើញថា ករណីថ្មីៗនៃជំងឺ COVID-19 មួយរយៈនេះមានសន្ទុះខ្លាំងពីគ្រប់ទីកន្លែង ដូច្នេះសូមបន្ដការរក្សាគម្លាត ពាក់ម៉ាស់ និងរក្សាអនាម័យឱ្យបានទាំងអស់គ្នា៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: