លោក Elon Musk អះអាងថា ក្រុមហ៊ុន Tesla ជិតសម្រេចលើប្រព័ន្ធបើកបរដោយខ្លួនឯងកម្រិតទី៥ ដែលជាប្រព័ន្ធពេញលេញបំផុត មិនចាំបាច់ត្រូវការមនុស្សជំនួយទេ
រថយន្ត July 9, 2020 lyda

នាយកប្រតិបត្តិក្រុមហ៊ុនរថយន្តអេឡិចត្រូនិក Tesla Inc លោក Elon Musk បានអះអាងថា ក្រុមហ៊ុនរបស់គាត់កំពុងខិតជិតដល់គោលដៅលើ ប្រព័ន្ធបើកបរដោយខ្លួនឯងកម្រិតទី៥ (level 5 autonomous driving technology) ដែលមានន័យថា រថយន្ត Tesla នឹងសមត្ថភាពក្នុងការស្ទង់មើលទិសដៅ បើកបរដោយមិនចាំបាច់មានកម្មវិធីបញ្ជា និងមានមនុស្សជំនួយបន្ថែមនោះទេ។

តាមរយៈសារជាវីដេអូនៅក្នុងពិធីសន្និសិទបច្ចេកវិទ្យា AI ពិភពលោក (WAIC) ប្រចាំឆ្នាំក្នុងទីក្រុងសៀងហៃ លោក Elon Musk បានបន្ថែមទៀតថា លោកមានទំនុកចិត្តថាក្រុមហ៊ុន Tesla នឹងទទួលបានមុខងារជាមូលដ្ឋាននៃបច្ចេកវិទ្យានេះនៅឆ្នាំនេះផ្ទាល់។ គួរជម្រាបដែរថាសព្វថ្ងៃនេះ Tesla នៅប្រើប្រព័ន្ធ autopilot នៅឡើយ ដែលប្រព័ន្ធនេះមិនមែនជាប្រព័ន្ធបើកបរដោយខ្លួនឯងពេញលេញនោះទេ ពោលគឺវានៅត្រូវការមនុស្សជំនួយ។

លោក Elon Musk ក៏បាននិយាយថា ក្រុមហ៊ុន Tesla កំពុងអភិវឌ្ឍនប្រព័ន្ធត្រជាក់ ដើម្បីជួយឱ្យកុំព្យូទ័រមានល្បឿនលឿនជាងមុននៅក្នុងរថយន្ត។ ទិន្នន័យឧស្សាហកម្មបានបង្ហាញថា ក្រុមហ៊ុន Tesla លក់រថយន្ត Model 3 ដែលផលិតនៅប្រទេសចិនជិត ១៥,០០០គ្រឿង កាលពីខែមុន ដែលវាបានបង្ហាញថាក្រុមហ៊ុននេះនៅតែខ្លាំង ទោះបីជំងឺ COVID-19 កំពុងរំខានសេដ្ឋកិច្ចពិភពលោកក៏ដោយ៕

អត្ថបទ៖ លីដា
ប្រភព៖ Fox Business