អាងយប់ស្ងាត់ បើកលឿនខ្វះការប្រុងប្រយ័ត្ន! រថយន្ត២គ្រឿងពន្លះគ្នាពេញទំហឹងលាន់ដូចរន្ទះត្រង់ផ្លូវបំបែកជា៤
រាជធានីភ្នំពេញ ៖ រថយន្ត២គ្រឿងពន្លះគ្នាលាន់ដូចរន្ទះ ខណៈម្ចាស់បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានបុកគ្នានៅត្រង់ចំណុចផ្លូវបំបែកជាបួនយ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋចោមរោមពេញកន្លែងកើតហេតុ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២:២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅខាងត្បូងរមណីយដ្ឋានវត្តភ្នំ(ប្រហែល៣០០ម៉ែត្រ) ត្រង់ចំណុចផ្លូវបំបែកជាបួន លើផ្លូវព្រះនរោត្ដម កែងផ្លូវ១០៦ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញរថយន្តម៉ាក SIDEKICK ពណ៌សខ្មៅ ពាក់ស្លាកលេខ ឃ8191 ភព2 បើកតាមបណ្ដោយផ្លូវព្រះនរោត្ដមក្នុងទិសដៅពីត្បូងទៅជើងដោយប្រើល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុក៏ត្រូវរថយន្តម៉ាក Suzuki ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2U-8494 បើកដោយយុវជនម្នាក់តាមបណ្ដោយផ្លូវលេខ១០៦ ក្នុងទិសដៅពីកើតមកលិចដោយប្រើល្បឿនលឿន បានជ្រុលទៅបុករថយន្តម៉ាក SIDEKICK ពីចំហៀងយ៉ាងពេញទំហឹង បណ្ដាលឲ្យខ្ទាតទៅបុកខឿនផ្លូវនិងបង្គោលបង្ហាញចរាចរណ៍រងការខូចខាត ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្ដាលឲ្យមនុស្សរងរបួសនោះឡើយ គ្រាន់តែខូចខាតរថយន្តទាំងពីរគ្រឿងយ៉ាងដំណំ រួមនឹងបង្គោលបង្ហាញចរាចរណ៍តិចតួចតែប៉ុណ្ណោះ ។
ក្រោយកើតហេតុ ភាគីខាងរថយន្ត Suzuki បានព្រមសងថ្លៃខូចខាតទៅលើរថយន្ត SIDEKICK ដែរ តែទោះជាយ៉ាងណា ដោយសារករណីនេះបានបង្កផលប៉ះពាល់ដល់សម្បត្តិរដ្ឋ ទើបសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងហើយយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់៕

ដោយ៖ បងម៉េង ខ្មែរណូត