ប្តីបើកឡានជូនប្រពន្ធជិតឆ្លងទន្លេទៅមន្ទីរពេទ្យស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តសាំយ៉ុងបុកពេញទំហឹង បណ្ដាលឲ្យមនុស្សរបួសធ្ងន់ស្រាល៧នាក់
រាជធានីភ្នំពេញ៖ យ៉ាងហោចណាស់ មានមនុស្សរងរបួសធ្ងន់៤នាក់ និងរបួសស្រាល៣នាក់ ខណៈអ្នករបួសធ្ងន់មានប្តីដែលជូនប្រពន្ធជិតឆ្លងទន្លេទៅមន្ទីរពេទ្យ បែរជាជួបគ្រោះចរាចរណ៍ទាំងប្តីនិងប្រពន្ធរបួសធ្ងន់ទៅវិញ រវាងរថយន្ត សាំយ៉ុង បុកជាមួយរថយន្តម៉ាស្ដាពេញទំហឹង នៅលើផ្លូវវិមានឈ្នះៗ ស្ថិតក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ វេលាម៉ោង១២:00នាទីរំលងអាធ្រាត ថ្ងៃ១០ ខែកក្កដា ឆ្នាំ២០២០នេះ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកម៉ាស្តាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BG-3906 តាមបណ្ដោយមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តនេះបានបត់ឆ្វេងដៃឆ្លងផ្លូវ ចូលទៅវត្តពោធិ៍វ័ន ដោយខ្វះការប្រុងប្រយ័ត្ន ក៏ត្រូវរថយន្តសាំយ៉ុងមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AF-7492 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនឹងមនុស្សប្រុសស្រីចំនួន៦នាក់ទៀត ធ្វើដំណើរបញ្ច្រាសគ្នាពីជើងទៅត្បូង ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុករថយន្តម៉ាស្តា ចំពីខាងមុខចំហៀងខាងស្ដាំ យ៉ាងពេញទំហឹង បណ្ដាលឲ្យខាងរថយន្តសាំយ៉ុងមានគ្នា៧នាក់រងរបួសធ្ងន់និងស្រាល ក្នុងនោះមានអ្នករងគ្រោះ៤នាក់រងរបួសធ្ងន់ ក្នុងនោះក៏មានស្ត្រីមានផ្ទៃពោះផងដែរ។
បន្ទាប់មកមានរថយន្តសង្គ្រោះបន្ទាន់គ្លីនិកឯកជនចំនួន៣ បានមកដឹកជនរងគ្រោះទាំងអស់យកទៅសង្គ្រោះនៅឯមន្ទីរពេទ្យរៀងៗខ្លួនភ្លាមៗ។ ចំណែករថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំដូចគ្នា។ ប៉ុន្តែខាងភាគីរថយន្តម៉ាស្តារមិនមានអ្នករងរបួសនោះទេបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕






ប្រភព៖ បងម៉េង ខ្មែរណូត