សាំងហ្គាពួរមានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ៤៥,៦១៣នាក់ បន្ទាប់ពីរកឃើញករណីថ្មីចំនួន ១៩១ នៅថ្ងៃនេះ
សាំងហ្គាពួរមានករណីថ្មីចំនួន ១៩១ ត្រូវបានបញ្ជាក់នៅថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០ ដែលនាំឱ្យចំនួនសរុបមានដល់ ៤៥,៦១៣នាក់។ ក្រសួងសុខាភិបាលបាននិយាយថា ក្នុងចំណោមនោះមានករណីសហគមន៍ចំនួន ១៦ និងករណីនាំចូលចំនួន ១។ ករណីសហគមន៍ទាំង ១៦នាក់នេះ មានករណីចំនួន ៨ គឺជាមនុស្សដែលជិតស្និទ្ធនឹងករណីមុនៗ ហើយត្រូវបានគេដាក់ឱ្យនៅដាច់ពីគេ។ ចំណែកភាគច្រើននៃករណីថ្មីៗគឺសុទ្ធតែជាពលករចំណាកស្រុក ដែលរស់នៅក្នុងអន្តេវាសិកដ្ឋាន។

គិតមកទល់ពេលនេះសាំងហ្គាពួរមានអ្នកជំងឺ ១៩៧នាក់ កំពុងសម្រាកនៅក្នុងមន្ទីរពេទ្យ និង ១នាក់ ក្នុងអង្គភាពថែទាំ ក៏ដូចជាអ្នកជំងឺចំនួន ៣,៥៥៤ នាក់ផ្សេងទៀត កំពុងសម្រាកតាមមូលដ្ឋានសហគមន៍។ ជាមួយនឹងអ្នកជំងឺត្រូវបានរំសាយចំនួន ៣២២នាក់ កាលពីថ្ងៃព្រហស្បតិ៍ វានាំឱ្យចំនួនអ្នកជាសះស្បើយកើនដល់ ៤១,៦៣១នាក់។ ថ្វីបើមានការឆ្លងរាល់ថ្ងៃយ៉ាងណាក្ដី ប្រទេសនេះនៅតែរក្សាតួលេខស្លាប់ត្រឹម ២៦ នាក់ដដែល។ ចំណែកករណីទូទាំងពិភពលោកពេលនេះមាន ១២.៣ លាននាក់ ខណៈមនុស្សជាង ៥៥៦,០០០ នាក់បានស្លាប់៕


អត្ថបទ៖ លីដា
ប្រភព៖ The Straits Times