ស្អាតហើយចិត្តល្អទៀត! យុវតី២នាក់ ឃើញបុរស ២នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ងើបអត់រួច ឆាប់ៗស្ទុះទៅជួយលើកមកចិញ្ចើមផ្លូវ ជួយរឹត និងជួយលាងរបួសឲ្យថែមទៀត
រាជធានីភ្នំពេញ ៖ អ្នកជិះម៉ូតូពីក្រោយម្នាក់បានហោះផ្លោងបោកនឹងថ្នល់ចុកឆ្អល់ងើបលែងរួច និងអ្នកបើកបរបោកផ្ទប់នឹងម៉ូតូ បែកមុខបែកមាត់ និងបាក់ធ្មេញ ត្រូវបានប្រជាពលរដ្ឋនិងយុវតីចិត្តល្អ២នាក់ទៀត បាននាំគ្នាជួយលាងរបួស និងសង្គ្រោះបឋម មុនរថយន្តសង្គ្រោះមកដល់ បន្ទាប់ពីជិះម៉ូតូ Scoopy ឌុបគ្នា ក្នុងល្បឿនលឿន អកហ្សឺ ចាប់ហ្រ្វាំងមិនទាន់ ទៅបុកប៉ះបុរសជនជាតិចិនម្នាក់ ដែលបើកម៉ូតូ Step ចេញពីហាង ឆ្លងកាត់ផ្លូវមិនប្រយ័ត្ន ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០០:២០នាទីរំលងអាធ្រាត្រ ចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ នៅចំណុចជិតអតីតខារ៉ាអូខេXO(ប៊ូឌីញ) ខាងត្បូងប៉ុស្តិ៍ទន្លេបាសាក់៤០០ម៉ែត្រ លើផ្លូវសុធារស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ភាគីខាងម៉ូតូម៉ាក HONDA SCOOPY ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1IC-1552 បើកបរដោយយុវជនម្នាក់ ដឹកយុវជនម្នាក់ទៀត មានពាក់មួកសុវត្ថិភាពត្រឹមត្រូវ ។ ចំណែកឯភាគីខាងម៉ូតូ Suzuki Step ពណ៌ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ 1K-5686 បើកបរដោយបុរសជនជាតិចិនម្នាក់ ដែលមិនពាក់មួកសុវត្ថិភាព មិនត្រូវរបួសនោះទេ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុប្រាប់ក្រុមការងារខ្មែរណូតថា នៅមុនពេលកើតហេតុ គេបានឃើញយុវជនរងគ្រោះទាំងពីរនាក់ខាងលើជិះម៉ូតូឌុបគ្នា ធ្វើដំណើរតាមផ្លូវសុធារសពីជើងមកត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែជនជាតិចិនខាងលើ ជិះម៉ូតូតែឯងចេញពីហាងមួយកន្លែង រួចជិះឆ្លងកាត់ទទឹងផ្លូវលឿនស្លេវ ដល់ពាក់កណ្ដាលផ្លូវ បម្រុងបត់ស្របទិសដែរ ទើបធ្វើឲ្យយុវជនទាំងពីរនាក់ អកហ្សឺ ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកប៉ះខ្ទាតដួលបោកនឹងថ្នល់ នេះដោយសារតែយុវជនទាំងពីរនាក់ បានពាក់មួកការពារសុវត្ថិភាពក្បាលបានត្រឹមត្រូវ ទើបមិនគ្រោះថ្នាក់ដល់ក្បាលធ្ងន់ធ្ងរឡើយ គ្រាន់តែបណ្ដាលឲ្យអ្នកបើកបរម៉ូតូបោកផ្ទប់នឹងម៉ូតូ រងរបួសបែកមុខបែកមាត់ហូរឈាម និងបាក់ធ្មេញ ចំណែកឯអ្នកជិះពីក្រោយ បានហោះផ្លោងបោកនឹងថ្នល់ពេញទំហឹង ចុកឆ្អល់សន្លប់ស្ដូកងើបមិនរួច។
ប្រភពបន្តទៀតថា ឃើញដូច្នោះបងប្អូនប្រជាពលរដ្ឋ រួមទាំងនារីៗរូបស្រស់សោភា២នាក់ ដែលនៅក្បែរកន្លែងកើតហេតុ មានចិត្តអាណិតអាសូរ ក៏បានជួយលើកជនរងគ្រោះទាំងពីរនាក់មកអង្គុយលើចិញ្ចើមផ្លូវសិន រួចយកប្រេងកូឡាលាប និងលាងរបួសឲ្យលក្ខណៈជួយសង្គ្រោះបឋមសិន និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ទាក់ទងរថយន្តសង្គ្រោះអោយមកដឹកយកទៅមន្ទីរពេទ្យផងដែរ។ ចំណែកជនជាតិចិនមិនត្រូវរបួសនោះទេ តែបម្រុងជិះម៉ូតូចេញពីកន្លែងកើតហេតុ ត្រូវបានអ្នកឃើញហេតុការណ៍ដកសោរម៉ូតូឃាត់អោយនៅដោះស្រាយសិនផងដែរ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ទន្លេបាសាក់ក៏បានចុះមកដល់ ហើយរថយន្តគិលានសង្គ្រោះគ្លីនិកឯកជនរបស់មន្ទីរសម្រាកព្យាបាល សុងការណ៍ បានមកដឹកជនរងគ្រោះទាំងពីរនាក់យកទៅព្យាបាលរបួសបាត់ទៅ។ មុនពេលចេញទៅពួកគេក៏បានអរគុណបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវតីរូបស្រស់សោភា២នាក់ ដែលជួយសង្គ្រោះបឋមនិងលាងរបួសឲ្យពួកគេផងដែរ។
ចំណែកឯម៉ូតូទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍បាញ់គំនូស រួចរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញចុះមកសួររកអត្តសញ្ញាណជនជាតិចិនម្ចាស់ម៉ូតូម្ខាងទៀត រួចធ្វើការវាស់វែងយកទៅរក្សាទុកបណ្ដោះអាសន្ន ដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយផងដែរ ៕

ដោយ៖ បងម៉េង ខ្មែរណូត