រថយន្ដ Aurus Senat របស់លោក Putin និង Beast របស់លោក Trump មួយណាខ្លាំងជាង?
- May 17, 2018
Aurus Senat គឺជារថយន្ដប្រណិតថ្មីរបស់ប្រទេសរូស្ស៊ី ដែលផលិតឡើងយ៉ាងពិសេសសម្រាប់ប្រធានាធិបតីគឺលោក Putin។ ដោយឡែក សម្រាប់សហរដ្ឋអាមេរិចវិញ ក៏មានរថយន្ដប្រណិតសម្រាប់ប្រធានាធិបតីខ្លួនដែរ ហើយម៉ូដែលរថយន្ដនោះមានឈ្មោះថា The Beast ផលិតឡើងជាពិសេសសម្រាប់លោក Trump។

ទាក់ទងទៅនឹងរថយន្ដប្រភេទ Limousine របស់ប្រធានាធិបតីរូស្ស៊ី ធ្លាប់ត្រូវបានបង្ហាញជាសាធារណៈម្ដងរួចមកហើយក្នុងពិធីសច្ចាប្រណិធានរបបស់លោក Vladimir Putin ដែលធ្វើឡើងកាលពីថ្ងៃទី07 ខែឧសភា កន្លងទៅនេះ។ ទោះជាយ៉ាងណា រថយន្ដនោះធ្លាប់បើកបរបានចម្ងាយរាប់រយគីឡូម៉ែត្ររួចមកហើយ ប៉ុន្ដែនេះគ្រាន់តែជាការបង្ហាញប៉ុណ្ណោះ ពោលគឺមិនទាន់អនុញ្ញាតឲ្យប្រើការជាផ្លូវការនៅឡើយទេ។ ការបង្ហាញខ្លួនដំបូងរបស់រថយន្ដប្រណិត Aurus Senat ត្រូវបានធ្វើឡើងនៅឯទីក្រុង Moscow ជាមួយនឹងរថយន្ដប្រភេទ sedan ពីរគ្រឿងអមដំណើរ។
គួរបញ្ជាក់ផងដែរថា ចំពោះឈ្មោះរថយន្ដ Aurus គឺដំណាងឲ្យមាស ជាភាសាឡាតាំង បូកជាមួយនឹងពាក្យ Russian ហើយត្រូវបានអភិវឌ្ឍន៍តាំងពីឆ្នាំ2012 មកម្លេះ។ ចំណែកឯប្រភេទរថយន្ដស្រដៀងគ្នានេះ កំពុងត្រូវបានប្រើប្រាស់ដោយប្រធានាធិបតីសហរដ្ឋអាមេរិចលោក Trump ដែលមនុស្សជាច្រើនតែងហៅថា The Beast។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ The Beast ត្រូវបានផលិតឡើងសម្រាប់អតីតប្រធានាធិបតីលោក George W. Bush ហើយក៏មានរូបរាងជាប្រភេទរថយន្ដ Limousine ដែរ។ ក្នុងរថយន្ដប្រណិតនោះមានភ្ជាប់មកជាមួយនឹងមុខងារជាច្រើនដែលអាចទប់ទល់ទៅនឹងការបាយប្រហារគ្រប់យ៉ាង អាចបញ្ជាកងកម្លាំងផ្សេងៗបានគ្រប់ពេល និងអាចតភ្ជាប់វីដេអូទៅកាន់ Situation Room បានភ្ជាមៗផងដែរ។ លើសពីនេះទៅទៀត The Beast ក៏មានភ្ជាប់មកជាមួយនឹងអាវុធបន្ថែមនៅក្នុងរថយន្ដ និងឈាមប្រភេទដូចគ្នាទៅនឹងប្រធានាធិបតីសម្រាប់ពេលមានអាសន្ន ប៉ុន្ដែគ្មានភ្ជាប់មកជាមួយនឹងការបញ្ជាបាញ់រ៉ុក្កែតឡើយ។ ចំពោះប្រវែងរថយន្ដ Limousine របស់សហរដ្ឋអាមេរិចនេះគឺ 5.5ម៉ែត្រ និងមានទម្ងន់ប្រមាណជា 7.5តោន។ ចំពោះម៉ាស៊ីនគឺ V8 ជាប្រភេទសាំង។
សម្រាប់ Aurus Senat វិញគឺមានភ្ជាប់មកជាមួយនឹងកណ្ដឹងសុវត្ថិភាព ដែលមានសមត្ថភាពអាចបញ្ជូនដំណឹងបានភ្លាមៗមុនពេលអ្នកជិះក្នុងនោះមានគ្រោះថ្នាក់។ ចំពោះកម្លាំងរបស់រថយន្ដនេះ គឺអាចទ្រទម្ងន់បានដល់ 1,900គ.ក ជាមួយនឹងល្បឿន 190kph។ ចំពោះពត៌មានទាក់ទងទៅនឹងលក្ខណៈពិសេសនានាដូចជាការបញ្ជាអាវុធ រឺអ្វីៗផ្សេងទៀតយើងនៅមិនទាន់ដឹងនៅឡើយទេ។
បើធៀបទៅនឹង The Beast រថយន្ដ Senat របស់រូស្ស៊ីមានប្រវែង 6.6ម៉ែត្រ វែងជាងបន្ដិច ប៉ុន្ដែស្រាលជាងត្រឹម 6.5តោនប៉ុណ្ណោះ។ ចំណែកឯកម្លាំងម៉ាស៊ីនវិញគឺ 4.4liter V8 ប្រភេទសាំង ជាមួយនឹងកម្លាំងសេះ 600hp បូកនឹង 122hp ទៀតជាកម្លាំងម៉ូទ័រភ្លើង Hybrid។ បណ្ដុំអគ្គិសនីរបស់រថយន្ដនេះត្រូវបានរចនាឡើងដោយវិស្វកររបស់ក្រុមហ៊ុន Porsche ចំណែកឯអនាគតរបស់រថយន្ដនេះនឹងមានកម្លាំងម៉ាស៊ីន 6.6liter V12 ជាមួយនឹងកម្លាំងសេះ 800hp៕
- Share This Post:








