ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    J-KTV និង LUSH KTV មិនបានប្រែក្លាយទីតាំងរបស់ខ្លួនទៅជាភោជនីយដ្ឋានទេ ថែមទាំងបើកធ្វើអាជីវកម្មខារ៉ាអូខេបន្ទប់ទៀត ទាល់តែអាជ្ញាធរខណ្ឌចំការមន ចុះត្រួតពិនិត្យរកឃើញ ក៏ណែនាំឲ្យផ្អាកអាជីវកម្មបណ្ដោះអាសន្នទាំងយប់

    BY Khmernote Media July 14, 2020
    J-KTV និង LUSH KTV មិនបានប្រែក្លាយទីតាំងរបស់ខ្លួនទៅជាភោជនីយដ្ឋានទេ ថែមទាំងបើកធ្វើអាជីវកម្មខារ៉ាអូខេបន្ទប់ទៀត ទាល់តែអាជ្ញាធរខណ្ឌចំការមន ចុះត្រួតពិនិត្យរកឃើញ ក៏ណែនាំឲ្យផ្អាកអាជីវកម្មបណ្ដោះអាសន្នទាំងយប់

    ភ្នំពេញ៖ យោងតាមប្រភពព័ត៌មាន តាមពិតខាងក្រសួងទេសចរណ៍ មិនទាន់អនុញ្ញាតឲ្យបើកដំណើរការខារ៉ាអូខេ-ខេធីវី (KTV) និងក្លឹបកម្សាន្តឡើងវិញនៅឡើយទេ គឺឲ្យសេវាកម្មទាំងនេះ ធ្វើការកែច្នៃទៅជាភោជនីយដ្ឋាន ទើបអនុញ្ញាតឲ្យបើក តែទីតាំងខារ៉ាអូខេ២កន្លែង គឺ J-KTV និង LUSH KTV មិនបានប្រែក្លាយទីតាំងរបស់ខ្លួនទៅជាភោជនីយដ្ឋាននោះទេ ថែមទាំងបើកធ្វើអាជីវកម្មខារ៉ាអូខេ ដោយលួចលាក់ទៀត ជាក់ស្ដែងកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន មានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន កម្លាំងកងរាជអាវុធខណ្ឌចំការមន និងសណ្ដាប់ធ្នាប់ខណ្ឌ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមថ្កូវ និងកម្លាំងសាលាសង្កាត់ផ្សារដើមថ្កូវ ដឹកនាំដោយលោក ថេង សុថុល អភិបាលនៃ គណៈអភិបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យទីតាំង ខារ៉ាអូខេ ចំនួន២ ខាងលើនេះ ដែលស្ថិតក្នុងមូលដ្ឋានសង្កាត់ផ្សារដើមថ្កូវ ជាលទ្ធផលមានភ្ញៀវប្រុសៗ សរុប ១២៩នាក់ ដែលកំពុងច្រៀងខារ៉ាអូខេនៅតាមបន្ទប់ផ្សេងៗ និងនារីបម្រើ ៣០៩នាក់ រួមទាំងបុគ្គលិក ១២៥នាក់ ។

    ការចុះត្រួតពិនិត្យនេះធ្វើឡើងកាលពីវេលាម៉ោង ០៩:២០នាទីយប់ ថ្ងៃចន្ទ័ ទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ ក្រុមការងារបានចុះត្រួតពិនិត្យខារ៉ាអូខេ ជេ (J KTV) ដែលមានទីតាំងស្ថិតនៅអគារលេខ៣០ ផ្លូវលេខ៤៨៨ ក្រុមទី២៤ ភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាលទ្ធផលរកឃើញថា ទីតាំងខាងលើកំពុងដំណើរការខារ៉ាអូខេ ដោយមានភ្ញៀវប្រុសៗចំនួន ៦៥នាក់, នារីបម្រើចំនួន ២០៩នាក់, បុគ្គលិកចំនួន ៩០នាក់ ក្នុងនោះមានស្រី ៧០នាក់ ត្រូវបានក្រុមការងារបានណែនាំឱ្យម្ចាស់ ធ្វើការផ្អាកអាជីវកម្មជាបណ្ដោះអាសន្នសិន និងឱ្យអាជីវកម្មខារ៉ាអូខេ ធ្វើទៅជាភោជនីយដ្ឋានវិញ ដោយត្រូវមានលិខិតអនុញ្ញាតពីសាលារាជធានីភ្នំពេញ ។

    បន្ទាប់មកក្រុមការងារចម្រុះ បានចុះទៅត្រួតពិនិត្យទីតាំងខារ៉ាអូខេមួយកន្លែងទៀត យីហោ ឡាស៍ (LUSH KTV & HOTELS) ដែលមានទីតាំងផ្ទះលេខ១៧ ផ្លូវលេខ៤៨៨ ក្រុម២៤ ភូមិ៣ សង្កាត់ផ្សារដើមថ្កូវ រាជធានីភ្នំពេញ ជាលទ្ធផលរកឃើញថា ទីតាំងខាងលើកំពុងដំណើរការខារ៉ាអូខេ ដោយមានភ្ញៀវប្រុសចំនួន ៦៤នាក់, នារីបម្រើចំនួន ១០០នាក់, បុគ្គលិកចំនួន ៣៥នាក់ ក្នុងនោះមានស្រី ២០នាក់ ត្រូវបានក្រុមការងារបានណែនាំឱ្យម្ចាស់ ធ្វើការផ្អាកអាជីវកម្មជាបណ្ដោះអាសន្នសិន និងឱ្យអាជីវកម្មខារ៉ាអូខេ ធ្វើទៅជាភោជនីយដ្ឋានវិញ ដោយត្រូវមានលិខិតអនុញ្ញាតពីសាលារាជធានីភ្នំពេញ ។

    សូមបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែកក្កដាកន្លងទៅ សាលារាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយ ដោយបានអនុញាតិឲ្យម្ចាស់អាជីវកម្មក្លឹបកម្សាន្តនិងខារ៉ាអូខេវី(KTV)ទាំងអស់នៅរាជធានីភ្នំពេញ បើកដំណើរការឡើងវិញ ដោយប្រែក្លាយទៅជាភោជនីយដ្ឋាន និងតម្រូវឲ្យម្ចាស់អាជីវកម្ម ត្រូវសុំលិខិតអនុញ្ញាតអាជីវកម្ម តាមយន្តការច្រកចេញចូលតែមួយ រាជធានីភ្នំពេញ និងគោរពឱ្យបានម៉ឺងម៉ាត់នូវវិធានការ នៃក្រសួងសុខាភិបាលក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ និងវិធានការសុវត្ថិភាពរបស់ក្រសួងទេសចរណ៍។ បញ្ហាខាងលើបានធ្វើឲ្យមហាជនមានការចាប់អារម្មណ៏ ហើយទីតាំងក្លឹបកម្សាន្ត និងខារ៉ាអូខេមួយចំនួនបានបើកភ្លើងឡើងវិញជាបណ្ដើរៗហើយ ។
    ខណៈអ្នកនាំពាក្យក្រសួងទេសចរណ៍ លោក ជក់ ជំនោរ បានបញ្ជាក់ថា «សុំប្រជាពលរដ្ឋកុំមានការយល់ច្រឡំ តាមពិតយើងមិនទាន់អនុញ្ញាតឲ្យបើកដំណើរការខារ៉ាអូខេ ខេធីវី (KTV) និងក្លឹបកម្សាន្តឡើងវិញនៅឡើយទេ គឺឲ្យសេវាកម្មទាំងនេះ ធ្វើការកែច្នៃទៅជាភោជនីយដ្ឋាន ទើបយើងអនុញ្ញាតឲ្យបើក តែបើមិនកែច្នៃទេ យើងមិនឲ្យបើកទេ» ។ ម្យ៉ាងវិញទៀត ម្ចាស់ខារ៉ាអូខេ ខេធីវី និងក្លឹបកម្សាន្តណាដែលមានបំណងចង់បើកដំណើរឡើងវិញ ត្រូវដាក់ពាក្យស្នើសុំមកអាជ្ញាធររាជធានីខេត្តជាមុនសិន ដើម្បីឲ្យពួកគេចុះទៅត្រួតពិនិត្យទីតាំងថា តើស្របទៅតាមការណែនាំ និងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ដែរឬយ៉ាងណា មុននឹងអនុញ្ញាតឲ្យបើកអាជីវកម្មជាផ្លូវការ។
    ការអនុញ្ញាតឲ្យបើកអាជីវកម្មឡើងវិញនេះ គឺដើម្បីចូលរួមសកម្មភាពសេដ្ឋកិច្ច និងផ្តល់ការងារជូនដល់ប្រជាពលរដ្ឋឡើងវិញ ដែលរងពីផលប៉ះពាល់ដោយជំងឺកូវីដ-១៩។ លោកបានបន្ថែមទៀតថា ក្នុងករណីម្ចាស់ខារ៉ាអូខេខេធីវី(KTV) និងក្លឹបកម្សាន្តណាដែលមិនបានប្រែក្លាយទីតាំងរបស់ខ្លួនទៅជាភោជនីយដ្ឋាន ហើយនៅបើកធ្វើអាជីវកម្មដោយលួចលាក់នោះ ក្រសួងនឹងចុះណែនាំ ឬអាចបិទមិនឲ្យធ្វើអាជីវកម្មតែម្ដង។

    គួរបញ្ជាក់ថា ជំងឺកូវីដ-១៩ បានធ្វើឲ្យរាជរដ្ឋាភិបាល បិទអាជីវកម្មកម្សាន្ត ក្លឹបរាត្រី ខារ៉ាអូខេ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកាចសាហាវនេះ ដែលបានកំពុងផ្ទុះឡើងនៅទូទាំងពិភពលោករួមទាំងប្រទេសកម្ពុជាផងដែរ។ ក្នុងនោះ ចំពោះអាជីវកម្មខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀរហ្គាឌិន ដែលត្រូវបិទអាជីវកម្មទូទាំងប្រទេសមានចំនួន ១,១៤៧ អាជីវកម្ម និងប៉ះពាល់បុគ្គលិកបម្រើការងារធ្វើចំនួន ១៨,២០៤ នាក់៕

    ប្រភព & អត្ថបទ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay