ព័ត៌មានជាតិ

រាជរដ្ឋាភិបាលនឹងលុបបំបាត់ការក្លែងបន្លំអត្តសញ្ញាណបណ្ណ ដើម្បីបានស្លាកលេខភ្នំពេញ

BY
srey nuch
July 14, 2020

ភ្នំពេញ៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានឲ្យដឹងថា រាជរដ្ឋាភិបាលនឹងលុបបំបាត់ការក្លែងបន្លំ អត្តសញ្ញាណប័ណ្ណ ដើម្បីបានស្លាកលេខភ្នំពេញ ដែលពិបាកក្នុងការគ្រប់គ្រងទ័ន្នន័យដើម។ ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការអនុវត្តការងារចុះបញ្ជីទោចក្រយានយន្តរបស់ការិយាល័យច្រកចេញចូលតែមួយ ក្រុង ស្រុក ខណ្ឌ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម នៅទ្រឹស្ដីការក្រសួងមហាផ្ទៃនាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ក្រសួងសាធារណការ និងក្រសួងមហាផ្ទៃ បានបង្កើតក្រុមការងារប្រជុំពិភាក្សាគ្នារៀបចំនីតិវិធី និងបែបបទ ដើម្បីចេញសេចក្ដីណែនាំពាក់ព័ន្ធនឹងដំណើការផ្ដល់សេវាចុះបញ្ជីទោចក្រយានយន្ត និងបានស្នើឱ្យក្រុមហ៊ុនព័ត៌មានវិទ្យារិះរកបច្ចេកវិទ្យាទប់ស្កាត់ការក្លែងបន្លំឯកសារ។

ឯកឧត្តមបានស្នើសុំការគាំទ្រពីសម្ដេចក្រឡាហោម ពិនិត្យលទ្ធភាពភ្ជាប់ប្រព័ន្ធអនឡាញរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ជាមួយប្រព័ន្ធអនឡាញគ្រប់គ្រងអត្តសញ្ញាណប័ណ្ណរបស់ក្រសួងមហាផ្ទៃ ដើម្បីបញ្ចៀសការក្លែងបន្លំឯកសារអត្តសញ្ញាណប័ណ្ណពេលស្នើសុំចុះបញ្ជីយានយន្តពីព្រោះកន្លងមកមានអ្នកក្លែងបន្លំ អត្តសញ្ញាណប័ណ្ណដើម្បីបានស្លាកលេខភ្នំពេញរបស់យានយន្តហើយមន្រ្តីក៏ជួបការលំបាកដោយសារមិនមានទិន្នន័យដើមផ្ទៀងផ្ទាត់។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឯកភាពតាមសំណើរក្នុងការភ្ជាប់ប្រព័ន្ធអនឡាញរបស់ក្រសួងទាំងពីរ ដើម្បីបញ្ចៀសការក្លែងបន្លំឯកសារអត្តសញ្ញាណប័ណ្ណពេលស្នើសុំធ្វើផ្លាកលេខទោចក្រយានយន្ដ។

សូមបញ្ជាក់ថាបច្ចុប្បន្ន ការផ្ដល់សេវាចុះបញ្ជីទោចក្រយានយន្ត នៅការិយាល័យច្រកចេញចូលតែមួយមានចំនួន៥២ការិយាល័យ។ គិតចាប់ពីខែមករា ឆ្នាំ២០១៧មក ការិយាល័យបានចុះបញ្ជីទោចក្រយានយន្តជាង៥៤ម៉ឺនគ្រឿង និងសេវាផ្សេងៗទៀត សរុបជាង៥៦ម៉ឺនគ្រឿង និងបានរកឃើញភាពមិនប្រក្រតី ដូចជាការប្រើអត្តសញ្ញាណប័ណ្ណមិនត្រឹមត្រូវ និងការក្លែងបង្កាន់ដៃបង់ពន្ធដើម ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: