ខ្មែរណូត

ស្វែងរក

  • រថយន្ត

    ក្រុមហ៊ុន BMW ទើបតែបញ្ចេញរថយន្ត SUV អគ្គិសនីដំបូងបំផុតរបស់ខ្លួនគឺ iX3 ស៊េរីឆ្នាំ2021 ដែលអាចជិះបានចម្ងាយ 460គីឡូម៉ែត្រ

    BY autoadmin July 14, 2020
    ក្រុមហ៊ុន BMW ទើបតែបញ្ចេញរថយន្ត SUV អគ្គិសនីដំបូងបំផុតរបស់ខ្លួនគឺ iX3 ស៊េរីឆ្នាំ2021 ដែលអាចជិះបានចម្ងាយ 460គីឡូម៉ែត្រ

    ក្រុមហ៊ុនផលិតរថយន្តប្រណីត BMW ទើបតែបានប្រកាសពីវត្តមានរថយន្ត SUV អគ្គិសនីដំបូងបំផុតរបស់ខ្លួននោះគឺ iX3 បន្ទាប់ពីមានពាក្យចចាមអារាម និងការបែកធ្លាយជាយូរមកហើយ ទាក់ទងពីគ្រោងការរថយន្តអគ្គីសនីរបស់ក្រុមហ៊ុនអាល្លឺម៉ង់មួយនេះ។ រថយន្ត BMW iX3 គឺមានមូលដ្ឋានលើម៉ូដែល X3 ហើយប្រើប្រព័ន្ធ eDrive ជំនាន់ទី៥ បូករួមទាំងអាគុយកម្លាំង 80 គីឡូវ៉ាត់/ម៉ោង និងម៉ូទ័រកម្លាំង 282សេះ ខណៈកម្លាំងបង្វិល 295 ផោន-ហ្វីត (400Nm)។ រថយន្ត BMW iX3 អាចធ្វើដំណើរបានចម្ងាយ 460គីឡូម៉ែត្រ រាល់ពេលសាកថ្មពេញម្ដង ដែលវាយតម្លៃដោយ WLTP របស់សហភាពអឺរ៉ុប។

    រថយន្តនេះគឺមានប្រើតែប៉ុង១ប៉ុណ្ណោះ (RWD) ជាមួយសន្ទុះល្បឿនពី 0-100គីឡូម៉ែត្រ ត្រឹមរយៈពេលតែ 6.8វិនាទី ហើយល្បឿនកំពូលរបស់វាគឺ 180គីឡូម៉ែត្រ ព្រោះថាស្ដង់ដារនៃរថយន្តអគ្គិសនីមិនអាចលឿនជាងនេះខ្លាំងនោះទេ។ វាអាចប្រើឌុយសាក fast-charging (150kW) បានផងដែរ ដូច្នេះវាអាចសាកថ្មបានពី 0-80% ប្រើរយៈពេលតែ ៣៤នាទី។ ប្រសិនបើម្ចាស់រថយន្ត BMW iX3 ស៊េរីឆ្នាំ2021 សាកអាគុយដោយប្រើឌុយសាកល្បឿនលឿននេះរយៈពេល ១០នាទី ពួកគេក៏អាចជិះវាបានរហូតដល់ទៅ 100គីឡូម៉ែត្រ ផងដែរ។

    រថយន្ត BMW iX3 ស៊េរីថ្មីនឹងក្លាយជាម៉ូដែលអគ្គីសនីដំបូងបង្អស់ក្នុងចំណោមរថយន្តអគ្គីសនីចំនួន ៣ ម៉ូដែល ដែលក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់មាននៅក្នុងឃ្លាំងសម្រាប់បម្រើអតិថិជន។ ម៉ូដែល ២ ផ្សេងទៀតគឺ i4 និង iNext SUV ដែលគ្រោងចេញលក់នៅឆ្នាំ2021។ រថយន្ត BMW iX3 ស៊េរីថ្មីនឹងមានលក់នៅចុងឆ្នាំនេះក្នុងប្រទេសចិន ហើយអឺរ៉ុបនឹងចេញលក់នៅឆ្នាំ2021។ រថយន្ត BMW iX3 នឹងមិនមាននៅទីផ្សារអាមេរិក​ខាង​ជើងនោះទេ ដូច្នេះមានតែត្រូវរង់ចាំ i4 និង iNext SUV ដែលចេញក្រោយៗពីនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Carscoops

    Share This Post: