រថយន្តកុងតឺន័របុករះ និងក្រឡាប់ទៅលើផ្ទះពលរដ្ឋខ្ទេចអស់៤ខ្នង និងកន្លែងលក់ស្រាក្រឡុកអស់មួយកន្លែងទៀត នៅផ្លូវវេងស្រេង
រាជធានីភ្នំពេញ ៖ រថយន្តកុងតឺន័របើកយ៉ាងលឿនតាមបណ្ដោយផ្លូវវេងស្រេង ខណៈមកដល់ចំណុចផ្លូវកោង ក៏បត់កោងតាមផ្លូវតែបត់មិនទាន់បណ្ដាលឱ្យទៅបុកគម្របលូបែកទុយោទឹករបស់រដ្ឋអស់មួយនឹងបន្តទៅបុករះផ្ទះជាពលរដ្ឋដែលវេរលុយ៤កន្លែង និងហាងលក់ស្រាក្រឡុកបែកបាក់តុកៅអីអស់ជាច្រើនទៀត បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង២យប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០ត្រង់ចំណុចភូមិជ្រៃកោង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាកកុងតឺន័រក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-6327 ចំណែកអ្នកបើកបរមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញរថយន្តកុងតឺន័របើកតាមបណ្ដោយផ្លូវវេងស្រេងទិសដៅពីលិចមកកើតយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើដោយសារតែផ្លូវកោងបួងចង្កូតមិនទាន់បណ្ដាលឲ្យទៅបុកគម្របលូបែកទុយោទឹករបស់រដ្ឋចេញទឹកអស់មួយនឹងបន្តទៅបុករះផ្ទះប្រជាពលរដ្ឋវេរលុយផ្ទះវីង ផ្ទះអ៊ីម៉ាន់នី ផ្ទះលីហួរ ផ្ទះទ្រូម៉ាន់នីហើយបន្តទៅមុខនឹងក្រឡាប់លើកន្លែងលក់ស្រាក្រឡុកបែកបាក់ទូរតុកៅអីអស់ជាច្រើនទៀត។ ភ្លាមៗគេឃើញតៃកុងរថយន្តបានបើកទ្វារចេញ រត់បាត់ស្រមោល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះពុំមាននរណាម្នាក់រងរបួសឬក៏ស្លាប់នោះទេ។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងនិងស្ទូចយករថយន្តទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
