ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២០នេះ កម្ពុជារកឃើញជំងឺគ្រុនឈាមជាង៣ពាន់ករណីក្នុងនោះស្លាប់៤នាក់

    BY Khmernote Media July 15, 2020
    ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២០នេះ កម្ពុជារកឃើញជំងឺគ្រុនឈាមជាង៣ពាន់ករណីក្នុងនោះស្លាប់៤នាក់

    ភ្នំពេញ៖ យោងតាមការផ្សាយរបស់ក្រសួងសុខាភិបាលប្រកាសថា ៦ខែ ដើមឆ្នាំ២០២០ កម្ពុជារកឃើញជំងឺគ្រុនឈាមជាង៣ពាន់ករណីក្នុងនោះស្លាប់ចំនួន៤នាក់ បើប្រៀបធៀបទៅនឹងឆ្នាំមុនមានការថយចុះ៨៨ភាគរយ ។ តាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ស្តីពីស្ថានភាពជំងឺជំងឺគ្រុនឈាម ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលវិទ្យុជាតិកម្ពុជាទទួលបាននៅថ្ងៃទី១៥ ខែកក្កដានេះបានឱ្យដឹងថា ចាប់ពីខែមករាដល់ ខែមិថុនា ឆ្នាំ២០២០នេះ មានចំនួនសរុប៣.៣៣៩ករណីនឹងស្លាប់ចំនួន ៤ករណីដោយអត្រាស្លាប់នេះមាន០,០៣%។

    ក្រសួងបានបញ្ជាក់ថា ករណីជំងឺគ្រុនឈាមឆ្នាំនេះបានថយចុះប្រមាណ៨៨%បើប្រៀបធៀបជាមួយឆ្នាំ២០១៩ ក្នុងរយៈពេលដូចគ្នាដែលមាន ២៨.២៨៥ករណី និងស្លាប់៣២នាក់។ ជំងឺគ្រុនឈាមនេះបានកើតនៅរាយប៉ាយតាមភូមិសាស្ត្រប្រជុំជនមួយចំនួន ដូចជា រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ប៉ៃលិន សៀមរាប កណ្តាល កំពង់ធំ តាកែវ មណ្ឌលគិរី រតនគិរី និងខេត្តព្រះវិហារ ។

    មកដល់ពេលនេះស្ថានភាពជំងឺគ្រុនឈាមក្នុងប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងស្ថានភាពធម្មតា ក្រោមការគ្រប់គ្រងយ៉ាងល្អរបស់កម្មវិធីប្រយុទ្ធ នឹងជំងឺគ្រុនឈាមទូទាំងប្រទេស ដែលមានការចូលរួមសហការអន្តរាគមន៍ គ្រប់ដៃគូពាក់ព័ន្ធ និងប្រជាជនក្នុងសហគមន៍ផងដែរ ។ ជាមួយគ្នានោះ ក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់ប្រជាជនគ្រប់រូបត្រូវបន្តចូលរួមអនុវត្តតាមវិធានការបង្ការជំងឺគ្រុនឈាមតាមយុទ្ធសាស្ត្រជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម ដែលក្រសួងសុខាភិបាល ផ្សព្វផ្សាយជាបន្តបន្ទាប់រួចមកហើយ ។
    ជាថ្មីម្តងទៀត ក្រសួងសុខាភិបាល នៅតែបន្តក្រើនរំលឹក បុគ្គលគ្រប់រូប ត្រូវចូលរួមទទួលខុសត្រូវដាច់ខាតលើការងារ ក្នុងការលុបបំបាត់ភ្នាក់ងារចម្លងមូសខ្លា និងដង្កូវទឹក ជាពិសេសទទួលយកសេវាធ្វើរោគវិនិច្ឆ័យព្យាបាលថែទាំករណីជំងឺត្រឹមត្រូវទាន់ពេលវេលា ដែលមានសេវាសាធារណៈនៅជិតដូចជា មណ្ឌលសុខភាព និងមន្ទីរពេទ្យ ដោយមិនត្រូវទុកអ្នកជំងឺគ្រុនក្តៅសាកល្បងព្យាបាលដោយខ្លួនឯងឡើយ។

    ការព្យាបាលថែទាំមិនត្រឹមត្រូវ និងមិនទាន់ពេលវេលាអាចបណ្តាលឲ្យអ្នកជំងឺគ្រោះថ្នាក់ដល់អាយុជីវិត ។ ត្រូវចូលរួមអនុវត្តវិធានការរស់នៅស្អាត បរិស្ថានផ្ទះសំបែងមានអនាម័យសម្រាន្តក្នុងមុងទាំងថ្ងៃទាំងយប់ ប្រើសម្លៀកបំពាក់ដៃជើងវែងៗបង្ការការខាំរបស់សត្វមូសជាដើម ។

    ក្រសួងសុខាភិបាលបានថ្លែងអំណរគុណដល់កម្មវិធីប្រយុទ្ធនឹងជំងឺគ្រុនឈាម ដៃគូពាក់ព័ន្ធទូទាំងប្រទេស អនុគណៈកម្មការគ្លីនិកជំងឺគ្រុនឈាម ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់ ក្រសួង-ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានបន្តរួមគ្នាទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់ទន្លេមេគង្គ ប្រកបដោយដោយជោគជ័យ ។ ជាងនេះទៅទៀត ក៏មានអង្គការសុខភាពពិភពលោក និងដៃគូវិនិយោគ រួមទាំងការដាក់វិធានការអន្តរាគមន៍ឆ្លើយតបទាន់ពេលវេលា នូវការបង្ការការចម្លងជំងឺសាយភាយ ឬរាតត្បាតជំងឺតាមសូចនាករក្នុងយុទ្ធសាស្ត្រជាតិផងដែរ ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay