សាំងហ្គាពួរថ្ងៃនេះរកឃើញករណីជំងឺកូវីដ១៩ ថ្មីចំនួន ២៤៩នាក់ និងមានអ្នកស្លាប់ថ្មី ១នាក់
ក្រសួងសុខាភិបាលសាំងហ្គាពួរ បាននិយាយនៅក្នុងរបាយការណ៍ជាបឋមរបស់ខ្លួនថា នៅថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០ មានករណីជំងឺ COVID-19 ថ្មីចំនួន ២៤៩ករណី ដោយក្នុងនោះមាន ១៦នាក់ ជាករណីក្នុងសហគមន៍ និង ៥នាក់ ជាករណីនាំចូល ដែលនាំឱ្យមានករណីសរុបនៅក្នុងសាំងហ្គាពួរមានដល់ ៤៦,៨៧៨ ករណី។ ក្រសួងសុខាភិបាលបាននិយាយថា ក្នុងចំណោមករណីក្នុងសហគមន៍ថ្មីៗនេះ ភាគច្រើនគឺដោយសារពួកគេមានទំនាក់ទំនងជាមួយអ្នកឆ្លងមុនៗ។ ចំណែកករណីនាំចូលផ្សេងទៀតត្រូវបានបញ្ជូនទៅកន្លែងស្នាក់នៅដោយឡែក នៅមុនពេលដែលពួកគេរកឃើញថាវិជ្ជមាន។

ថ្ងៃនេះសាំងហ្គាពួរបានរកឃើញអ្នកស្លាប់ទី២៧ របស់ខ្លួនផងដែរ ដោយគាត់មានអាយុ ៦២ឆ្នាំ ហើយគឺជាករណីជំងឺ COVID-19 ទី ១៧១៦៨ ។ គាត់ត្រូវបានគេរកឃើញថា មានជំងឺនៅថ្ងៃទី៣០ ខែមេសា ហើយក៏មានជំងឺទឹកនោមផ្អែមជាប់ខ្លួនផងដែរ។ បច្ចុប្បន្នសាំងហ្គាពួរកំពុងស្ថិតនៅក្នុងដំណាក់កាលទី២ នៃការបើកដំណើរការបើកទ្វារប្រទេសរបស់ខ្លួន ដែលបានចាប់ផ្តើមនៅថ្ងៃទី១៩ ខែមិថុនា ជាមួយនឹងការបន្តប្រតិបត្តិការជាបណ្តើរៗ ដោយមានការបើកអាជីវកម្មជាបន្តបន្ទាប់។ ករណីជំងឺនៅទូទាំងពិភពលោកពេលនេះមាន ១៣.៤ លាននាក់ ហើយមានអ្នកស្លាប់ជាង ៥៨ ម៉ឺននាក់ ៕



អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia