ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ទីក្រុងតូក្យូតែមួយមានករណីជំងឺកូវីដ១៩ ថ្មីចំនួន ២៨០ករណី ដែលជាតួលេខខ្ពស់បំផុតថ្មីមួយទៀត ចាប់តាំងពីប្រទេសនេះបានដកចេញនូវស្ថានភាពអាសន្ន

    BY autoadmin July 16, 2020
    ទីក្រុងតូក្យូតែមួយមានករណីជំងឺកូវីដ១៩ ថ្មីចំនួន ២៨០ករណី ដែលជាតួលេខខ្ពស់បំផុតថ្មីមួយទៀត ចាប់តាំងពីប្រទេសនេះបានដកចេញនូវស្ថានភាពអាសន្ន

    ទីក្រុងតូក្យូបានរាយការណ៍ពីករណីថ្មីនៃជំងឺ COVID-19 ចំនួន ២៨០ករណី សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២០ ដែលវាធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ការឆ្លងថ្មីៗកំពុងរីករាលដាលនៅក្នុងសហគមន៍យ៉ាងទូលំទូលាយ ហើយវាអាចនឹងបែកចេញទៅក្រៅរាជធានីឆាប់ៗ។ ​យោងតាមអភិបាលក្រុងអ្នកស្រី Yuriko Koike បាននិយាយថា តួលេខនេះជាកំណត់ត្រាច្រើនបំផុតថ្មីមួយទៀត ខណៈដែលករណីថ្មីៗត្រូវបានរកឃើញពីការធ្វើតេស្ដចំនួន ៤,០០០ ។ ការផ្ទុះឡើងដំបូងនៅក្នុងទីក្រុងតូក្យូគឺមកពីក្លឹបរាត្រី ប៉ុន្តែឥឡូវនេះមានករណីជាច្រើនបានកើតឡើងពីទីតាំងក្នុងស្រុក ដូចជាភោជនីយដ្ឋាន បារ និងកន្លែងធ្វើការ។ ជាក់ស្ដែងក្នុងចំណោមករណីចំនួន ១៦៥នាក់ របស់ទីក្រុងតូក្យូកាលពីថ្ងៃពុធ គឺមានករណីចំនួន ១៣ ដែលចេញពីក្លឹបកម្សាន្ត។

    ជំងឺ COVID-19 មិនត្រឹមតែរីករាលដាលគ្រប់វិស័យប៉ុណ្ណោះទេ ថែមទាំងទូទាំងប្រទេសទៀតផង។ នៅអូសាកាដែលជាតំបន់សេដ្ឋកិច្ចធំបំផុតទី២ របស់ប្រទេសនេះ ក្រុមមន្រ្តីបានរាយការណ៍ថា មានការឆ្លងចំនួន ៦១ករណី កាលពីថ្ងៃពុធដែលជាចំនួនច្រើនបំផុតចាប់តាំងពីពាក់កណ្តាលខែមេសា នៅពេលដែលប្រទេសស្ថិតក្នុងស្ថានភាពអាសន្ន។ នៅកោះហុកកៃដូភាគខាងជើងត្រូវបានគេរាយការណ៍ថា មានចង្កោមផ្ទុះមួយមានជាប់ទាក់ទងនឹងក្លឹបរាត្រីមួយនៅសាប៉ូរ៉ូ ដែលមានការចូលរួមពីមនុស្សជាង ១០នាក់។ ទន្ទឹមនឹងនេះដែរតំបន់ជិតខាងមួយចំនួននៃទីក្រុងតូក្យូ បានជំរុញឱ្យប្រជាជនកុំធ្វើដំណើរទៅរាជធានីនេះ បន្ទាប់ពីបានឃើញករណីកើនឡើងយ៉ាងខ្លាំងនៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

    ជប៉ុនទាំងមូលត្រូវមានករណីសរុបចំនួន ៤៥០ កាលពីថ្ងៃពុធ ដែលជាចំនួនច្រើនបំផុតចាប់តាំងពីខែមេសា​ មុនពេលស្ថានភាពអាសន្នត្រូវបានដកចេញ។ យុទ្ធនាការដែលត្រូវបានរៀបចំឡើងដើម្បីជំរុញទេសចរណ៍ក្នុងស្រុក ត្រូវបានគេចាត់ទុកថាជាចំណែកក្នុងការរាលដាលជំងឺនៅជុំវិញប្រទេសជប៉ុន ហើយប្រធានលេខាធិការខុទ្ទកាល័យ Yoshihide Suga បាននិយាយថា រដ្ឋាភិបាលនឹងដោះស្រាយកម្មវិធីនេះបន្ទាប់ពីសួរអ្នកជំនាញសម្រាប់ទស្សនៈរបស់ពួកគេ។ ទោះបីជាមន្រ្តីបានអំពាវនាវឱ្យមានការបង្កើនការប្រុងប្រយ័ត្នក៏ដោយ​ ក៏ជប៉ុនបានអះអាងថា រហូតមកដល់ពេលនេះមិនចាំបាច់មានសំណើទូលំទូលាយដើម្បីបិទអាជីវកម្មនោះទេ ព្រោះប្រព័ន្ធវេជ្ជសាស្ត្រមិនមានភាពតានតឹងទេ ហើយភាគច្រើននៃករណីថ្មីគឺមនុស្សវ័យក្មេងក្នុងអាយុ ២០ និង ៣០ឆ្នាំ៕

    អត្ថបទ៖ លីដា
    ប្រភព៖ South China Morning Post

    Share This Post: